ឯកឧត្តម ម៉ាង ស៊ីណេត សំណេះសំណាលជាមួយពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃចំនួន ៦៥នាក់ ក្នុងស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ឧបត្ថម្ភជូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃចំនួន ៦៥នាក់ មកពីឃុំចំនួន ៧នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍សង្ខេប ស្តីពីពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៦៥នាក់ ស្រី ០៧នាក់ ក្នុងឃុំចំនួន៧ នៃស្រុកព្រៃនប់ ក្នុងនោះ ១.ឃុំទួលទទឹងចំនួន ៤នាក់ ២.ឃុំសំរុង ចំនួន ៨នាក់ ៣.ឃុំវាល រេញចំនួន ២១នាក់ ៤.ឃុំតានៃចំនួន ១១នាក់ ៥.ឃុំព្រៃនប់ចំនួន ១៧នាក់ ៦.ឃុំសាមគ្គីចំនួន ៣នាក់ និង៧.ឃុំទឹកល្អក់ចំនួន ០១នាក់ ដោយឡែកចំពោះពលករដែលវិលត្រឡប់មកពីប្រទេសថៃ ពួកគាត់បានការងារធ្វើនៅតាមបណ្តារោងចក្រ សហគ្រានក្នុងស្រុកព្រៃនប់ ហើយរដ្ឋបាលស្រុកកំពុងជួយសម្របសម្រួលរកការងារជូនពួកគាត់តាមលទ្ធភាពដែលពួកគាត់មាន។

ក្នុងជំនួបនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ទន្ទឹមនោះ រាជរដ្ឋាភិបាល ក៏បានគិតគូរពីការងារបណ្តុះបណ្តាលវិជ្ជាជីវ:ជូនដល់យុវជននៅតាមមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:សាលារដ្ឋ និងសាលាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យមានជំនាញវិជ្ជាជីវ: ព្រោះកាលណាយើងមានជំនាញវិជ្ជាជីវ: យើងងាយស្រួលរកការងារ និងទទួលបានប្រាក់កាន់តែខ្ពស់ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុមានការងារជាច្រើនកន្លែងនៅរង់ចាំទទួលបងប្អូនងាកមករកការងារធ្វើនៅក្នុងស្រុករបស់ខ្លួន ជាពិសេសនៅតាមរោងចក្រ សហគ្រាស ព្រោះយើងមានតម្រូវការកម្លាំងពលកម្មជាច្រើនកន្លែងហើយបច្ចុប្បន្ន កម្ពុជានៅខ្វះកម្លាំងពលកម្មជាច្រើនបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស ហើយរាជរដ្ឋាភិបាលបានត្រៀមលក្ខណក្នុងការជួយអន្តរាគមន៍ដល់ពលករខ្មែរវិលមកពីប្រទេសថៃ តាមរយ:កញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងបានដាក់ចេញនូវរបបសន្តិសុខសង្គម ប្រាក់សោធននិវត្តន៍ជូនដល់បុគ្គលិក កម្មករ និយោជិតដែលបម្រើការងារនៅតាមរោងចក្រ សហគ្រាសទទួលបាននូវអត្ថប្រយោជន៍៣យ៉ាង ដូចជា ១. អត្ថប្រយោជន៍ផ្នែកសុខភាព ២. អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ និង៣. ប្រាក់សោធននិវត្តន៍ ហើយកម្មករ និយោជិតទាំងអស់ទទួលបានអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍គ្រប់ៗគ្នាដូចមន្ត្រីរាជការដែរ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរដ្ឋសភា ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ព្រមទាំងបានធ្វើការណែនាំដល់មេឃុំ បន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលបានវិលមកពីប្រទេសថៃ ស្តីពីអត្ថប្រយោជន៍ដែលរាជរដ្ឋា ភិបាលបានដាក់ចេញក្នុងនីតិកាលទី៧ និងសង្ឃឹមថា បងប្អូននឹងទទួលបានការងារធ្វើគ្រប់គ្នានៅពេលខាងមុខ។
សូមជម្រាបជូនថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុឧបត្ថមជូនពលករវិលពីប្រទេសថៃចំនួន៦៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ឃីតមួយកញ្ចប់ ( ក្រមា១ សារុង១ មុង១ ភួយ១ ) សាច់ក្រក ១កញ្ចប់ និងថវិកា១០ម៉ឺនរៀល៕
ដោយ ងូ សុមុនី





