មន្ទីរបរិស្ថានខេត្តព្រះវិហារកំពុងរៀបចំអនាម័យបរិស្ថាននៅតាមមណ្ឌលសុវត្ថិភាពជនភៀសសឹក
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលខេត្ត រៀបចំសម្អាតអនាម័យបរិស្ថានទាំងក្នុង និងជុំវិញមណ្ឌលសុវត្ថិភាពជនភៀសសឹកដែលបានរៀបចំឡើង១១ទីតាំងផ្សេងៗគ្នា បន្ទាប់ពីមានសង្គ្រាមឈ្លានពានរបស់កងទ័ពថៃមកលើអធិតេយ្យរបស់កម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ រហូតមកដល់ពេលនេះជនភៀសសឹកនៅក្នុងខេត្តព្រះវិហារបានកើនឡើងសរុបជាង ១១,៥៥៨គ្រួសារ ស្នើនឹង ២៧,០៥៣នាក់ បាន និងកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនីមួយៗ ហើយបញ្ហាអនាម័យបរិស្ថានជាពិសេស សំរាម សំណល់រឹង សំណល់ប្លាស្ទិក ត្រូវបានក្រុមការងារមន្ទីរយកចិត្តទុកដាក់ជាចាំបាច់ឱ្យមានភាពស្អាតនៅតាមមណ្ឌល និងកន្លែងស្នាក់នៅ។

នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើមបានដំណើរការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ អំឡុងពេលដែលកងទ័ពថៃឈ្លានពានកម្ពុជា ដោយចូលសម្លាប់កងទ័ពកម្ពុជានៅតំបន់មុំ៣ ភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយរហូតមកដល់ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ចំនួនជនភៀសសឹកបានកើនឡើងចំនួនសរុប៣,៧៤៨គ្រួសារ ស្មើនឹង ១២,៧២២នាក់។ ដោយឡែកបញ្ហាសំរាមសំណល់រឹង សំណល់ប្លាស្ទិក ត្រូវបានប្រមូលទុកដាក់ដោយក្រុមការងារមន្ទីបរិស្ថានប្រមាណជាង១៥តោនក្នុងមួយថ្ងៃ។ នៅទីនោះក្រុមការងារបានរៀបចំដាក់ពង្រាយធុងសម្រាមចំនួន៥០ធុង និងរថយន្ដដឹកសំរាម០១គ្រឿង ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្ដល់ជូនរដ្ឋបាលខេត្តព្រះវិហារកាលពីពេលថ្មីៗ កន្លងមកនេះ។

ជាមួយគ្នានេះ ក្រុមការងារសហការជាមួយរដ្ឋបាលខេត្តដើម្បីរៀបចំកន្លែងទុកដាក់សំរាម តាមមណ្ឌលសម្រាប់ការដឹកជញ្ជូនប្រចាំថ្ងៃ ដើម្បីធានានូវភាពស្អាត និងសុខភាពប្រជាពលរដ្ឋឱ្យបានល្អ។
សូមបញ្ជាក់ថា យោងតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត និងអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មន្ទីរបរិស្ថានបានចូលរួមផ្សព្វផ្សាយជំរុញភាពស្អាត ក្នុងនោះភាពស្អាតលើដីគឺ សកម្មភាព យុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅទូទាំងខេត្តដើម្បីកម្ពុជាស្អាត៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងបរិស្ថាន)





