ប្រជាជនកម្ពុជារាប់ពាន់នាក់នៅសាធារណរដ្ឋកូរ៉េចូលរួមធ្វើបាតុកម្មប្រឆាំងនឹងការឈ្លានពានរបស់ថៃ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- ប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរ ដែលមាននិន្នាការនយោបាយផ្សេងៗគ្នានៅសាធារណរដ្ឋកូរ៉េ ចំនួនប្រមាណជិត១០ ០០០នាក់ បានចូលរួមមហាបាតុកម្ម តាមទីតាំង និងតំបន់ផ្សេងៗគ្នានៅទូទាំងសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានដូចជា៖ នៅតំបន់ក្វាងជូធំ សេអ៊ូល អឺចុងប៊ូ ហ្វាសង់ អិចស៊ាន ក្នុងទឹកដីនៃសាធារណរដ្ឋកូរ៉េ។

ការចូលរួមមហាបាតុកម្មនេះ បានសបញ្ជាក់ពីឆន្ទៈគំាទ្រវីរកងទ័ពជួរមុខរបស់យើង និងការប្រឆាំងទៅលើកងទ័ពថៃ ដែលបានឈ្លានពានដោយប្រដាប់អាវុធទ្រង់ទ្រាយធំ មកលើអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ ការចូលរួមយ៉ាងច្រើនកុះករនេះក៏ជាការបង្ហាញនូវការសាមគ្គីភាពក្នុងនាមខ្មែរតែមួយចំពោះជាតិមាតុភូមិយើង ការស្រឡាញ់សុខសន្តិភាព និងទាមទារយុត្តិធម៌ឱ្យប្រទេសជាតិយើងដែលប្រទេសថៃបានបំពានទាំងមិនគោរពច្បាប់អន្តរជាតិ ព្រមទាំងបង្ហាញពិភពលោកថាកម្ពុជាជាជនរងគ្រោះពិតប្រាកដផងដែរ។
នៅក្នុងមហាបាតុកម្មនេះ អ្នកចូលរួមបានកាន់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងកាន់បដា ដែលមានពាក្យស្លោកថា ថៃត្រូវបញ្ឈប់ការឈ្លានពាននេះ។ ថៃមិនគោរពច្បាប់អន្តរជាតិ និងទទួលយកការអន្តរាគមន៍ពីអន្តរជាតិ ដែលរួមមាន អង្គការសហប្រជាជាតិ ប្រធានអាស៊ាន និង សហរដ្ឋអាមេរិកជាដើម។ កម្ពុជាត្រូវការសន្តិភាព។ ថៃត្រូវការសង្គ្រាម។ ថៃសូមឈប់បំពានលើពលរដ្ឋកម្ពុជា! ថៃកំពុងវាយប្រហារមិនត្រឹមតែនៅតំបន់ព្រំដែនទេ ប៉ុន្តែក៏លើប្រជាជនស្លូតត្រង់ រួមមានស្ត្រី កុមារ និងមនុស្សចាស់ផងដែរ។

ជាមួយគ្នានេះ អ្នកចូលរួមបានច្រៀងចំរៀងស្នេហាជាតិ និងស្រែកជ័យឃោសថា ថៃជាអ្នកវាយប្រហារមកលើកម្ពុជាមុន កម្ពុជាគ្រាន់តែប្រើសិទ្ធក្នុងការការពារខ្លួនប៉ុណ្ណោះ។ កម្ពុជាស្រឡាញ់សន្តិភាព។ កម្ពុជាជាអ្នករងគ្រោះពិតប្រាកដ។ ក្នុងឱកាសនោះ ក៏មានការចូលរួមមតិពីបងប្អូនពលករ និងនិស្សិតផងដែរ។
លោក ផាត់ ប្រុស អាជីវករខ្មែរ និងជាអ្នកចូលរួមរៀបចំកម្មវិធីបានបញ្ជាក់ថា គោលបំណងនៃការៀបចំកម្មវិធីនេះគឺគំាទ្រវីរកងទ័ពជួរមុខរបស់យើង និងប្រឆាំងទៅលើកងទ័ពថៃ ដែលបានឈ្លានពាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ លោកបានបន្ថែមថា ឆន្ទៈរបស់យើងមិនមែនមានតែប្រជាជននៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែបន្តមានរហូតដល់សហគមន៍ខ្មែរនៅបរទេស ដូចនៅកូរ៉េនេះ។ យើងសូមអំពាវនាវឲ្យថៃគោរពច្បាប់អន្តរជាតិ និងទឹកដីព្រះរាជាណាចក្រកម្ពុជា។
ចំណែក លោកស្រី ហ៊ត សុខងីម ពលករចំណាកស្រុកបានលើកឡើងថា សន្តិភាពគឺជាប្រភពនៃការរីកចម្រើន។ ខ្ញុំជឿជាក់ថា ការបញ្ចេញមតិរបស់យើងនឹងធ្វើអោយមានឥទ្ធិពលក្នុងការជម្រុញឱ្យមានដំណោះស្រាយដោយសន្តិវិធី។ លោកស្រីបានសម្តែងការគាំទ្រនូវរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ រារាំង និងចាត់វិធានការចាំបាច់ចំពោះការឈ្លានពានពីសំណាក់ថៃ ក្នុងគោលបំណងការពារអធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជាយើង។
លោក អោក សុផាណារ៉ុម និស្សិតសិក្សានៅសកលវិទ្យាល័យមួយនៅសាធារណរដ្ឋកូរ៉េបានបញ្ចេញមតិផ្ទាល់ខ្លួនថា ព្រះរាជាណាចក្រកម្ពុជាមានព្រំដែនច្បាស់លាស់ ទាំងប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ។ យើងត្រូវតែរួបរួមគ្នាជាជាតិមួយ ដើម្បីការពារបូរណភាព និងអធិបតេយ្យភាពជាតិយើង។ លោកបានបន្តថា ការឈ្លានពានខាងយោធាដោយគ្មានមូលហេតុបែបនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះបទដ្ឋាន ក្នុងតំបន់ និងច្បាប់អន្តរជាតិផងដែរ។ យើងខ្ញុំទាំងអស់គ្នាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង តាមខ្សែបន្ទាត់ព្រំដែនបន្ថែមទៀត៕
ដោយ ទេស ច័ន្ទសុធារី





