ក្រុមនារីភ្នំពេញក្រោនបន្តឈ្នះអិកស៍អូ ១៣-០ ខណៈសៀមរាបឈ្នះ មន្ទីរអប់រំខេត្តកំពង់ឆ្នាំង ១២-០ លីគនារីកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦--ក្រុមបាល់ទាត់នារីភ្នំពេញក្រោនបន្តរកបាន៣ពិន្ទុបន្ថែម នៅសប្តាហ៍ទី២ ក្រោយប្រកួតឈ្នះក្រុម អិកស៍អូ យូណាយធីត ១៣-០ ខណៈក្រុមសៀមរាប បានយកឈ្នះក្រុមមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ១២-០ នៅក្នុងការប្រកួតក្របខ័ណ្ឌខេមបូឌានលីគនារី (Cambodian Women’s League) រដូវកាល ២០២៦ ដោយលទ្ធផលនេះបង្ហាញកម្រិតគុណភាពបច្ចេកទេសនៃក្រុមមួយចំនួន នៅមានឆ្ងាយពីគ្នានៅឡើយ។

កាលពីសប្តាហ៍ទី១ បើករដូវកាល ក្រុមនារីភ្នំពេញក្រោនបានបើកឆាកឈ្នះ ក្រុមនារីមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ក្នុងលទ្ធផល ៣០-១ ហើយនៅសប្តាហ៍ទី២នេះ ភ្នំពេញក្រោនបន្តយកឈ្នះក្រុមអិកស៍អូយូណាយធីត ១៣-០ ស្របពេល ក្រុមសៀមរាប យកឈ្នះមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ១២-០ ដោយតាមរយៈលទ្ធផល២ប្រកួតនេះបង្ហាញពីកម្រិតមានគម្លាតឆ្ងាយពីគ្នានៅឡើយ។ ចំពោះ២ប្រកួតផ្សេងទៀត នៅក្នុងសប្តាហ៍ទី២នេះដែរ គឺបឹងកេត ០-០ ជាមួយ វិសាខា ខណៈព្រះខ័នរាជស្វាយរៀង យកឈ្នះ ណាហ្គាវើលដ៍ ៣-១។

ឆ្លងកាត់២ប្រកួត ភ្នំពេញក្រោន ឈរលើកំពូលតារាង ជាមួយ៦ពិន្ទុ រកបានគ្រាប់បាល់រហូតដល់ ៤៣គ្រាប់, ព្រះខ័នរាជស្វាយរៀង ឈរលេខ២ មាន៦ពិន្ទុ ក្រោយឈ្នះ២ប្រកួត ខណៈក្រុមសៀមរាប ឈរលេខ៣បណ្តោះអាសន្ន មាន៤ពិន្ទុ ក្រោយឈ្នះ១ និងស្មើ១ប្រកួត។

គួរបញ្ជាក់ថា យោងតាមកម្មវិធីប្រកួតខេមបូឌានលីគនារីកម្ពុជា រដូវកាល ២០២៦ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) មាន៨ក្រុមចូលរួម ដោយក្រុមទាំង៨នឹងត្រូវបន្តជួបគ្នាចំនួន២ជើង ក្នុងដី និងក្រៅដី។ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុទាំងពីរជើង គឺ៤ក្រុមលើកំពូលតារាងនឹងត្រូវបន្តប្រកួតប្រជែងគ្នា នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ក្នុងនោះក្រុមលេខ១ ប៉ះ ក្រុមលេខ៤ ខណៈក្រុមលេខ២ ប៉ះ ក្រុមលេខ៣ ដើម្បីស្វែងរកក្រុមឈ្នះៗ២ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ រីឯ២ក្រុមចាញ់ៗត្រូវប្រកួតគ្នាដណ្តើមចំណាត់ថ្នាក់លេខ៣។ ចំពោះ១ប្រកួតដណ្តើមលេខ៣ និង១ប្រកួតដណ្តើមជើងឯកប្រចាំរដូវកាល វគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ ការប្រកួតលីគនារីកម្ពុជា រដូវលនេះនឹងមានចំនួនប្រកួតសរុប ៦០ប្រកួត ដោយប្រើប្រាស់រយៈពេល ១៦សប្តាហ៍៕

ដោយ ហេង ណាលីន (រូបភាព៖ CWL)





