ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល កំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំ រៀបចំទាំងផ្នែកសម្ភារ បរិក្ខារពេទ្យ ឱសថ និងផ្នែកបច្ចេកទេសពីគ្រូពេទ្យជំនាញ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល កំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំ រៀបចំទាំងផ្នែកសម្ភារ បរិក្ខារពេទ្យ ឱសថ និងផ្នែកបច្ចេកទេសពីគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យជាតិនៅរាជធានីភ្នំពេញ តាមអនុសាសន៍គន្លឹះចង្អុលបង្ហាញរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះផ្ទាល់ជួយគាំទ្រ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីត្រៀមលក្ខណៈគ្រប់ពេលវេលាក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ពដែលកំពុងការពារបូរណភាពទឹកដីកម្ពុជា យ៉ាងអង់អាចក្លាហាន។

ផ្នែកសុខាភិបាលបានត្រៀមលក្ខៈណគ្រប់ជ្រុងជ្រោយ ម្ចាស់ការលើការងារ និងគ្រប់គ្រងសភាពការបានគ្រប់កាលៈទេសៈ និងកំពុងមានការចូលរួមពីយ៉ាងច្រើនកុះករពីមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងត្រៀមផែនការទៅមុខជាបន្តបន្ទាប់ទៀត។

ក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរសុខាភិបាល បង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋដែលភៀសខ្លួនបណ្តុះអាសន្នស្នាក់នៅទីទួលសុវត្ថិភាព លើការហូបទឹកស្អាត ប្រកាន់ខ្ជាប់នូវអនាម័យ គេងក្នុងមុង ហើយក្នុងករណីមានបញ្ហាសុខភាពត្រូវទៅទទួលសេវាសុខាភិបាលនៅទីតាំងរបស់ក្រុមគ្រូពេទ្យប្រចាំការនៅក្នុងតំបន់នោះ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





