អ្នកនាំពាក្យក្រសួងការពារជាតិ៖ សារព័ត៌មានថៃ និងអ្នកនាំពាក្យជើងគោកថៃ ផ្សាយភូតកុហកសហគមន៍អន្តរជាតិថាកម្ពុជាប្រើអាវុធធុនធ្ងន់ PHL 03
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- ជាថ្មីម្ដងទៀត សារព័ត៌មានថៃ និងអ្នកនាំពាក្យជើងគោកថៃ បានផ្សាយព័ត៌មានភូតកុហកសហគមន៍អន្តរជាតិថាកម្ពុជាប្រើអាវុធធុនធ្ងន់ វាយប្រហារលើទឹកដីថៃ។ នេះបើតាមការថ្លែងរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ។
ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ការផ្សាយព័ត៌មានមិនពិតរបស់ថៃជាការរកលេសភូតភរមិនចេះចប់មិនចេះហើយ ដើម្បីបោកប្រជាពលរដ្ឋខ្លួនឯងនិងអន្តរជាតិ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា «សារព័ត៌មានក៏ដូចជាអ្នកនាំពាក្យជើងគោកថៃបានលើកឡើងពាក់ព័ន្ធជាមួយនឹងការចោទប្រកាន់កម្ពុជាថាបានប្រើប្រភេទអាវុធធុនធ្ងន់ PHL 03 នេះជាព័ត៌មានដែលប្រឌិត កុហក បំពុលនិងលាបពណ៌មកកាន់កម្ពុជាដែលជាព័ត៌មានក្លែងក្លាយបំភាន់ដល់ប្រជាជនខ្លួនឯង និងសហគមន៍អន្តរជាតិ។ មកទល់ពេលនេះ នាងខ្ញុំសូមបញ្ជាក់ ក្នុងនាមជាអ្នកនាំពាក្យ កម្ពុជាមិនទាន់មានភាពចាំបាច់ណាមួយក្នុងការប្រើប្រភេទអាវុធ PHL 03 នៅឡើយទេចា»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ចំពោះសកម្មភាពឈ្លានពានដោយចេតនានិងគិតទុកជាមុននេះបានកើតឡើងទៀត បើទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដែលឯកឧត្តមប្រធានាធិបតី Donald Trump ជួយស្វែងរកបទឈប់បាញ់ ដែលជាកិច្ចខិតខំប្រឹងប្រែងត្រូវបានគាំទ្រជាសាធារណៈនិងច្បាស់លាស់ដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការបន្តរំលោភអធិបតេយ្យភាពកម្ពុជាប្រព្រឹត្តដោយយោធាថៃយ៉ាងគឃ្លើន និងមិនគោរពច្បាប់អន្តរជាតិ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយចំពោះសណ្ដាប់ធ្នាប់អន្តរជាតិ សន្តិភាព ស្ថេរភាព មិនត្រឹមតែតាមបន្ទាត់ព្រំដែនកម្ពុជាថៃប៉ុណ្ណោះទេ ប៉ុន្តែទូទាំងតំបន់ទាំងមូលផងដែរ។ សកម្មភាពនេះបានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឺងប្រែងទាំងអស់ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងបង្ហាញពីចេតនាច្បាស់លាស់របស់ភាគីថៃក្នុងការបង្កើនជាងការកាត់បន្ថយជម្លោះ។
កម្ពុជាសូមអំពាវនាវឱ្យយោធាថៃបញ្ឈប់ការភូតភរជាបន្តបន្ទាប់ ហើយឈប់ប្រើលេសមិនពិត ដើម្បីបង្ហាញពីហេតុផលឈ្លានពានខុសច្បាប់របស់ខ្លួន ។សហគមន៍អន្តរជាតិត្រូវតែចាត់ទុកប្រទេសថៃឱ្យទទួលខុសត្រូវឱ្យបានពេញលេញចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ហើយទាមទារឱ្យបញ្ឈប់រាល់អំពើអរិភាពទាំងអស់។
កម្ពុជាបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ជាបន្ទាន់និងដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវដែនអធិបតេយ្យភាព និងសិទ្ធិស្វ័យការពាររបស់ខ្លួនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និង អាយុជីវិតប្រជាពលរដ្ឋប្រឆាំងនឹងអំពើឈ្លានពានខុសច្បាប់របស់ប្រទេសថៃ។
សូមបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា កងទ័ព ប្រជាជនកម្ពុជារួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្ដីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់ខ្លួនដោយភាពអង់អាចក្លាហាន មិនញញើត មិនរាថយ និងមិនងាករេដាច់ខាតទោះបីក្នុងក្នុងតម្លៃណាក៏ដោយ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េនីនី





