អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ សាលារៀនជាង៦០០ បិទទ្វារ សិស្សជាង១៥ម៉ឺននាក់ មិនបានចូលរៀនដោយសារអំពើឈ្លានពានរបស់ថៃ
AKP ភ្នំពេញ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ -- លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា គិតរហូតមកដល់នេះផលប៉ះពាល់ដែលកើតឡើងដោយសារការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា បើគិតចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៥ អំពើឈ្លានពានរបស់ប្រទេសថៃបានបង្ខំឱ្យជនស៊ីវិលកម្ពុជាជិត៨ម៉ឺននាក់ បានបង្ខំចាកចេញពីផ្ទះសម្បែង លំនៅឋានដែលធ្លាប់រស់នៅ។ គិតត្រឹមថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០២៥ មាន សាលារៀនជាង៦០០ ត្រូវបានបិទទ្វារ ហើយបើគិតជារួមចំនួនខេត្តទាំង៥ ដែលទទួលរងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃ។ ក្រោយពីបិទសាលារៀននៅក្នុងខេត្ដទាំង៥នេះហើយ មានសិស្សជាង១៥ម៉ឺននាក់រួមទាំងគ្រូបង្រៀនជាង៦ពាន់នាក់ មិនអាចរៀនសូត្រ និងបង្រៀនបាន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា នារសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា ដោយសារតែ អំពើឈ្លានពានរបស់ថៃបានធ្វើឱ្យភូមិដ្ឋាន ផ្ទះសម្បែង វត្តអារាម មណ្ឌលសុខភាព ស្ថានីយប្រេងឥន្ធនៈ ផ្សារ ព្រមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិភណ្ឌពិភពលោក ត្រូវបានបំផ្លិតបំផ្លាញ និងទទួលការកំរាមកំហែង ពីភាគីថៃ។ លោកជំទាវឧត្តមសេនីយ៍ឯកបន្ដថា ការឈ្លានពានរបស់ភាគីថៃ បានបង្កឱ្យជនស៊ីវិលគ្មានកំហុសក្នុងនោះរួមមានស្រ្តី កុមារ ចាស់ជរា ត្រូវរងគ្រោះរងរបួស និងបាត់បង់ជីវិតជាច្រើននាក់។
លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើការច្រានចោល និងថ្កោលទោសដាច់អហង្ការ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន និងគ្មានទទួលខុសត្រូវ របស់ភាគីថៃ មកលើកម្ពុជាដែលបានចោទកម្ពុជាថាជាអ្នកផ្តើមអរិយភាពមុន ។ លោកជំទាវឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ការអះអាងមិនពិតរបស់ភាគីថៃនេះគ្មានអ្វីក្រៅពីប៉ុនប៉ង ដើម្បីបង្វែរស្ថានការណ៍ចេញពីភាពជាក់ស្តែងដែលប្រទេសថៃបានរំលោភបំពានកម្ពុជាម្តងហើយម្តងទៀត និងក៏ដូចជាការរំលោភបំពានច្បាប់អន្តរជាតិដោយពុំកោតក្រែងនោះឡើយ។
ជាមួយគ្នានេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ឱ្យដឹងបន្ថែមថា សារព័ត៌មាន និងអ្នកនាំពាក្យកងទ័ពជើងគោកថៃបានលើកឡើងថា ពាក់ព័ន្ធនឹងការចោទប្រកាន់មកលើកម្ពុជាថា បានប្រើប្រភេទអាវុធធុនធ្ងន់ PHL-03 ដែលនេះគឺជាព័ត៌មានប្រឌិត កុហក បំពុល និងលាបពណ៌មកកាន់កម្ពុជា ដែលជាព័ត៌មានក្លែងក្លាយ បំភាន់ទៅដល់ប្រជាជនខ្លួនឯង និងសហគមន៍អន្ដរជាតិ។ ក្នុងនាមជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់មានភាពចាំបាច់ណាមួយក្នុងការប្រើប្រភេទអាវុធ PHL-03 នៅឡើយទេ៕
ដោយ៖ មករា





