ឯកឧត្តម ម៉ាង ស៊ីណេត បញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុចំនួន៧៨៧នាក់
AKP ព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់សោម ចំនួន៧៨៧នាក់ ស្រី៣២៥នាក់ មកពីសង្កាត់ចំនួន៥នៃក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងរាស្ត្រខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានក្រុងកំពង់សោម។

លោក នួន ប៊ុនថុល ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ បានធ្វើរបាយការណ៍ស្តីពីការបញ្ចូលសមាជិកគណបក្សថ្មីក្រុងព្រះសីហនុចំនួន៧៨៧នាក់ ស្រីចំនួន៣២៥នាក់ មកពីសង្កាត់ទាំង៥នៃក្រុងព្រះសីហនុ ដែលបានស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនក្រុងកំពង់សោម ក្នុងនោះ ១.សង្កាត់បិតត្រាំងចំនួន ៨២នាក់ ស្រី ៤៥នាក់ ២.សង្កាត់រាម ២៥២នាក់ ស្រី ៦៦នាក់ ៣.សង្កាត់អូរឧកញ៉ាហេង ១៦៩នាក់ ស្រី ៨៤នាក់ ៤.សង្កាត់បិងតាព្រហ្ម ១៦៨នាក់ ស្រី ៧៤នាក់ និង៥.សង្កាត់អូរជ្រៅ ១១៦នាក់ ស្រី ៥៦នាក់។

ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើការសំណេះសំណាល និងធ្វើការណែនាំដល់សមាជិកថ្មីដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ការសម្រេចចិត្តនេះជាយុទ្ធសាស្ត្រមួយសម្រាប់យុវជនក្នុងក្រុងកំពង់សោម ដែលបានសម្រេចចិត្តចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនោះលោកអភិបាលក្រុងកំពង់សោម បានលះបង់ធំធេងទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាបានថែរក្សាមរតកជាប្រវត្តិសាស្ត្រ និងជាខ្នងបង្អែកដ៏កក់ក្តៅ និងជាក្តីសង្ឃឹមរបស់ប្រជាជនក្នុងការដឹកនាំសង្គមជាតិបន្តឈានឆ្ពោះទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍភាពសង្គមឆ្ពោះទៅរកអនាគតដ៏រុងរឿង។ គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិ ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ សន្តិភាពដោយមិនប្រកាន់ឋានៈ ជីវភាព ជំនឿសាសនា អតីតកាល ការពារសមិទ្ធិផលសង្គមជាតិ និងកសាងអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់។
ឯកឧត្តម ប្រធានគណបក្សប្រជាជនខេត្តព្រះសីហនុបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ក៏ដូចជាឯកឧត្តម សាយ សំអាល់ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។ គណបក្សប្រជាជនកម្ពុជាជាគណបក្សមានភាពចាស់ទុំ ក្នុងការដឹកនាំបម្រើជាតិ និងប្រជាជន ហើយការបញ្ចូលសមាជិកថ្មីនាពេលនេះឆ្លុះបញ្ចាំងពីការគាំទ្ររបស់ប្រជាពលរដ្ឋ និងការជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា ពិសេសគណបក្សក្រុងកំពង់សោមនាពេលនេះ៕
ដោយ ងូ សុមុនី





