ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយសម្តេចធិបតី ចែកជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ នៅក្រុងកំពង់សោម
AKP ព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនពលករ ដែលវិលត្រឡប់មកពីប្រទេស ថៃវិញចំនួន ២០នាក់ នៅសាលាក្រុងកំពង់សោម នាព្រឹកថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥។

លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម បានធ្វើរបាយការណ៍សង្ខេប ស្តីពីពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃចំនួន២០នាក់ ស្រី០៧នាក់ ក្នុងនោះ ១. សង្កាត់អូរឧកញ៉ាហេង ៤នាក់ ២.សង្កាត់អូរជ្រៅ ៧នាក់ ៣.សង្កាត់រាម ៥នាក់ ៤.សង្កាត់បិតត្រាំង ៤នាក់។ ក្នុងចំណោមពលករមកពីប្រទេសថៃ១២នាក់ ស្រី០៥នាក់ មានការងារធ្វើ ពលករលក់ដូរ ៣នាក់ និងមិនទាន់មានការងារធ្វើ០៥នាក់ ហើយរដ្ឋបាលក្រុងកំពុងជួយសម្របសម្រួលរកការងារជូនពួកគាត់តាមលទ្ធភាពដែលពួកគាត់មាន។

ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើការសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតជូនចំពោះបងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃនាពេលនេះ ព្រោះភាគីថៃនៅតែចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជា មានដូចជានៅតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រសាទតាក្របី ។ល។ ចំពោះគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដីដោះស្រាយបញ្ហាបូរណភាពទឹកដីតាមយន្តការច្បាប់ តាមរយ:តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ប៉ុន្តែខាងភាគីថៃនៅតែបង្កសង្គ្រាម ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាមានតែប្រើប្រាស់យន្តការតបតទៅវិញតែប៉ុណ្ណោះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុមានការងារជាង៤ពាន់កន្លែងនៅរង់ចាំទទួលបងប្អូន ទន្ទឹមនោះរដ្ឋបាលខេត្តចង់ឱ្យបងប្អូនងាកមករកការងារធ្វើនៅស្រុកកំណើតរបស់ខ្លួន ជាពិសេសនៅតាមរោងចក្រ សហគ្រាស ព្រោះយើងមានការងារច្រើនកន្លែងនៅខេត្តព្រះសីហនុ ហើយរដ្ឋាភិបាលខេត្ត ក៏ដូចក្រុង ស្រុក បានត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ពលករខ្មែរវិលមកពីប្រទេសថៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវរបបសន្តិសុខសង្គម ប្រាក់សោធននិវត្តន៍ជូនដល់បុគ្គលិក កម្មករ ដែលបម្រើការងារនៅតាមរោងចក្រ សហគ្រាសនូវអត្ថប្រយោជន៍ ៣យ៉ាងមានដូចជា ១.អត្ថប្រយោជន៍ផ្នែកសុខភាព ២.អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ ៣.ប្រាក់សោធននិវត្តន៍ ហើយកម្មករ និយោជិតទាំងអស់ទទួលបានអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍គ្រប់ៗគ្នាដូចមន្ត្រីរាជការដែរ។ ប្រសិនបើយើងធ្វើការនៅប្រទេសថៃ នៅពេលយើងមានកម្លាំងទទួលបានប្រាក់ខែ ក៏ប៉ុន្តែនៅពេលយើងចាស់ធ្វើការមិនបាន គឺមិនមានប្រាក់ខែ និងប្រាក់សោធននិវត្តន៍ដូចនៅកម្ពុជានោះទេ ទន្ទឹមនោះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា ដើម្បីបង្កើតការងារជូនបងប្រ ជាពលរដ្ឋខ្មែរ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្តោតសំខាន់ទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាការងារក្នុងស្រុកយើងល្អជាងទៅធ្វើការងារនៅក្រៅប្រទេស ព្រោះរាជរដ្ឋាភិបាលបានគិតគូរពីអនាគតរបស់ប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ទន្ទឹមនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេស និងផ្តល់អត្ថប្រយោជន៍ជូនដល់និយោជិត កម្មករ មានប្រាក់សោធននិវត្ត បណ្ណ ប.ស.ស នៅពេលយើងមានជំងឺអាចទៅទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃ ចំពោះស្រ្តីមានផ្ទៃពោះទៅពិនិត្យសុខភាពរហូតកុមារមានអាយុ ២ឆ្នាំ មានរយ:ពេល ១៤ដង ក្នុងការពិនិត្យផ្ទៃពោះម្តងទទួលបានថវិកា ៨ម៉ឺនរៀល។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនពលករវិលពីប្រទេសថៃចំនួន២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ឃីតមួយកញ្ចប់ (ក្រមា១ សារុង១ មុង១ ភួយ១) សាច់ក្រក ១កញ្ចប់ និងថវិកា១០ម៉ឺនរៀល៕
ដោយ ងូ សុមុនី





