រយៈពេល២ថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញទទួលថវិកាពីសប្បុរសជន សម្រាប់ជួយកងទ័ព និងពលរដ្ឋភៀសសឹក ជាង១៣ម៉ឺនដុល្លារ និងជាង៥០០លានរៀល
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- ក្រោយពីមានការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ រកសប្បុរសជនបរិច្ចាគ ជាថវិកា ស្បៀងអាហា សម្ភារ ដើម្បីជួយកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកពីពួកចោឈ្លានពានសៀម នៅថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលទឹកប្រាក់ជាង១៣ម៉ឺនដុល្លារ ប្រាក់រៀលជាង៥០០លានរៀល និងស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅតែបង្ហាញវត្តមានចាំទទួលអំណោយនានា ពីប្រជាពលរដ្ឋ និងសប្បុរសជននៅសាលារាជធានីភ្នំពេញ។

លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមម៉ោង១១ និង២៥នាទីព្រឹក ថ្ងៃទី២៧ កក្កដានេះ រដ្ឋបាលរាជធានីភ្នំពេញបានទទួលបានថវិកាពីសប្បុរសជនជាប្រាក់ដុល្លារសរុបចំនួន១៣០ ៧០១ ដុល្លារ និងប្រាក់រៀលសរុបចំនួន៥៣២ ៨៩២ ៦២៥ រៀល រួមទាំងអំណោយជាគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារផ្សេងៗមួយចំនួនធំទៀត។ សកម្មភាពនេះបានបង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលបាន និងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ខឿនការពារជាតិប្រជាជននេះបងប្អូនប្រជាពលរដ្ឋយើងបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាពីចោរឈ្លានពានថៃ ជាមួយនឹងការចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ដែលកំពុងតែជ្រកកោនតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ ស្មារតីខ្មែរជួយខ្មែរ។
លោកស្រីបានលើកឡើងថា បងប្អូនសប្បុរសជននានាអាចបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀតបានដោយរដ្ឋបាលរាជធានីភ្នំពេញបានចាត់តាំងក្រុមការងាររង់ចាំទទួលសម្ភារ ថវិកា និងតាមរយៈQR Code។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋកំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រឡាញ់ខ្មែរ។ បងប្អូនអាចបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀតបាន។ សូមគោរពអរគុណនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយខ្មែរ៕
ដោយ សួស សំរិត





