ប្រជាពលរដ្ឋ និងយុវជនខេត្តកំពតនាំគ្នាចូលរួមបរិច្ចាគឈាមដើម្បីបង្ការទុកជួយសង្គ្រោះជីវិតពលរដ្ឋ និងកងទ័ព
AKP កំពត ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- ប្រជាពលរដ្ឋ និងយុវជនខេត្តកំពតបានបង្ហាញទឹកចិត្តសប្បាយរីករាយ មកចូលរួមបរិច្ចាគឈាម ដើម្បីបង្ការទុក សម្រាប់ជួយសង្គ្រោះជីវិតកងទ័ព ឬបងប្អូនពលរដ្ឋដែលរងរបួសក្នុងវាយប្រហារនៅតំបន់ព្រំដែន(កម្ពុជា-ថៃ) ឬ ហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ។ មន្ត្រីជំនាញថា កម្មវិធីបរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌ធ្វើឡើងក្នុងបំណងបង្កភាពងាយស្រួលដល់ពលរដ្ឋដែលចង់ចូលរួមបរិច្ចាគ តាមការអំពាវនាវរបស់លោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត។

ក្រុមយុវជនដែលបានចូលរួមបរិច្ចាគឈាមបានបង្ហាញនូវការគាំទ្រចំពោះការរៀបចំកម្មវិធីបរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីឱ្យពួកគាត់អាចចូលរួមចំណែក ក្នុងការបង្ការជួយដល់កងព័ទ ឬបងប្អូនប្រជាពលរដ្ឋ ដែលរងរបួសក្នុងការវាយប្រហាររបស់កងព័ទថៃមកលើកម្ពុជា ឬរងរបួសក្នុងហេតុការណ៍ផ្សេងៗ។ ពួកគាត់អំពាវនាវឲ្យពលរដ្ឋទាំងអស់ ចូលរួមសាមគ្គីគ្នា ជួយឧបត្តម្ភគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពតាមគ្រប់មធ្យោបាយ។

លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានបញ្ជាក់នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ថា កម្មវិធី “បរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌” ធ្វើឡើងតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានបំណងចង់បរិច្ចាគឈាម តាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មិនចាំបាច់ធ្វើដំណើរទៅដល់រាជធានីភ្នំពេញ។ ហើយការបរិច្ចាគនឹងបន្តធ្វើនៅសាលាខេត្តនៅថ្ងៃទី២៧ ខែកក្កដា ហើយបន្ទាប់មកនឹងបន្តធ្វើនៅមន្ទីរបង្អែកខេត្តកំពត រាល់ថ្ងៃក្នុងម៉ោងធ្វើការ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញបានឱ្យដឹងថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ផ្ទុយទៅវិញវាជួយធ្វើឱ្យសុខភាពកាន់តែល្អប្រសើរ។ ជាងនេះទៅទៀត ការបរិច្ចាគឈាមក្នុងពេលនេះ ក៏បានបង្ហាញអំពីស្មារតី ស្នេហាជាតិ មាតុភូមិ និងអាយុជីវិតរបស់កងទ័ព និងប្រជាជនខ្មែរផងដែរ ខណៈដែលការវាយប្រហាររបស់ទាហានថៃមកលើទឹកដីកម្ពុជា ក្នុងតំបន់ក្បែរព្រំដែននៅតែបន្តមាននៅឡើយនោះ៕
ដោយ ប្រាក់ លាង





