ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤៣វត្ត
AKP ព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តទូទាំងខេត្តព្រះសីហនុ នៅមជ្ឈមណ្ឌលវិបស្សនា ធុរៈគិរីនាគវ័ន (ហៅវត្តសមាធិ) ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបូជាទៀន ធូប និងដាក់កម្រងផ្កា សមាទានសីល និងការវេរប្រគេនទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគ បរិភោគ ថ្វាយព្រះមេគណខេត្តព្រះសីហនុ និងព្រះចៅអធិការវត្តទាំង៤៣ នៅមជ្ឈម ណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (ហៅវត្តសមាធិ) ស្ថិតនៅសង្កាត់រាម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រកបដោយសុទ្ធាជ្រះថ្លា។

សូមរម្លឹកថា ពិធីបុណ្យចូលព្រះវស្សា រដ្ឋបាលខេត្តព្រះសីហនុតែងតែនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤៣វត្ត ជារៀងរាល់ឆ្នាំ ទោះបីឆ្នាំនេះមានការយឺតយ៉ាវយ៉ាងណាក៏ដោយ ហើយពិធីចូលវស្សាជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ហើយប្រជាពុទ្ធបរិស័ទខ្មែរដែលជាមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា តែងបាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានផ្សេងៗយកមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងរយៈពេល៣ខែ សម្រាប់ទ្រទ្រង់ចង្ហាន់ដល់ព្រះសង្ឃក្នុងពេលគង់ចាំវស្សា។

ទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកាប្រគេនជូនវត្តទាំង៤៣ រួមមាន៖ ទៀនព្រះវស្សា ១គូ កម្ពស់ ១,៦០ម៉ែត្រ អង្ករ៥០គីឡូក្រាម មី ត្រីខកំប៉ុង ទឹកដោះគោខាប់ ទឹកក្រូច ភេសជ្ជ: Wurks ទឹកសុទ្ធ ស្ករស តែ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆាចំណុះ៥លីត្រ សៀង ខ្ទឹមស អំបិល សាដក ១ ផ្លែឈើ១កន្ត្រក ចង្ហាន់១ស្រាក់ និងបច្ច័យ ២០០ ០០០រៀល និងបច្ច័យប្រគេនវត្តទាំង៤៣ ក្នុងមួយវត្ត១លានរៀល៕
ដោយ ងូ សុមុនី





