ឯកឧត្ដម កែ គឹមយ៉ាន ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយការឈ្លានពាននៅស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាបន្ទាន់ជូនប្រជាពលរដ្ឋចំនួន២១៨គ្រួសារ ស្មើនឹង៩២៥នាក់ ដែលបានភៀសខ្លួនពីទីតាំងតាមជាយដែនក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយសារតែការឈ្លានពានយ៉ាងគឃ្លើនពីសំណាក់ទាហានថៃ ដោយពិធីនេះបានប្រព្រឹត្តទៅនៅវត្តសម្បូរណ៍សាមគ្គីប្រាសាទមានជ័យ ឃុំស្លក្រាម ជាទីដែលប្រជាពលរដ្ឋរងគ្រោះកំពុងស្នាក់នៅបណ្ដោះអាសន្ន។

សូមជម្រាបជូនថា ការឈ្លានពានពីសំណាក់ទាហានថៃបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្តរហូតមកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ដែលបានបង្កឱ្យប្រជាពលរដ្ឋរស់នៅ តាមជាយដែនត្រូវបង្ខំចិត្ត ជម្លៀសខ្លួនដើម្បីសុវត្ថិភាព។

ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើឈ្លានពាននេះ និងបានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋថា "បងប្អូនប្រជាពលរដ្ឋជាទីគោរពស្រឡាញ់! ថ្ងៃនេះខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលបងប្អូនទាំងអស់គ្នាត្រូវប្រឈមនឹងស្ថានការណ៍ដ៏លំបាកនេះ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។ យើងខ្ញុំទាំងអស់គ្នាមិននៅស្ងៀមឡើយចំពោះការឈ្លានពានដែលបានកើតឡើងនេះ។ យើងនឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះដោយសន្តិវិធី និងទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពឈ្លានពាននេះជាបន្ទាន់។"

ឯកឧត្ដម កែ គឹមយ៉ាន ក៏បានបន្ថែមទៀតថា "សូមបងប្អូនកុំបារម្ភអី។ យើងខ្ញុំនឹងខិតខំផ្ដល់ជំនួយចាំបាច់គ្រប់បែបយ៉ាង ដើម្បីធានាថាបងប្អូនមានទីជម្រកសមរម្យ ស្បៀងអាហារគ្រប់គ្រាន់ និងសុខភាពល្អប្រសើរ។ យើងនឹងនៅជាមួយបងប្អូនជានិច្ច ទាំងក្នុងពេលលំបាក និងពេលមានក្ដីសុខ។ សូមបងប្អូនរក្សាស្មារតីរឹងមាំ និងជឿជាក់លើរាជរដ្ឋាភិបាល។"
សូមបញ្ជាក់ថាក្នុងពិធីចែកអំណោយនេះ ក៏មានការអមដំណើរដោយឯកឧត្ដមសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផងដែរ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងសាមគ្គីភាពរបស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋរងគ្រោះ។ អំណោយដែលបានចែកជូនរួមមាន ស្បៀងអាហារ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងថវិកាមួយចំនួនសម្រាប់ជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ៕
ដោយ ឈុន សារ៉ាត





