ប្រាសាទឥដ្ឋ ប្រាង្គទី៩ក្នុងកំពែងទី៣នៃប្រាសាទបាគងសំរេចជួសជុលបាន៣៥ភាគរយហើយ
AKPសៀមរាប ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥--
ប្រាសាទឥដ្ឋ ប្រាង្គទី៩ ក្នុងកំពែងទី៣នៃប្រាសាទបាគង បន្ទាប់ពីពិនិត្យឃើញប្រាង្គប្រាសាទមួយនេះ មានសភាពខូចខាតធ្ងន់ធ្ងរ រចនាសម្ពន្ធប្រាង្គទាំងមូលទ្រុឌទ្រោមខ្លាំង គ្រឹះស្រុត និងជញ្ជាំងប្រេះហែក ដែលមានហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរនោះ ឥឡូវត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលនិងពង្រឹងឡើងវិញដោយសំរេចបាន៣៥ភាគរយហើយ បន្ទាប់ពីបានដំណើរការជួសជុលអស់រយះពេលជាងមួយខែកន្លងមកនេះ។
លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនារសៀលថ្ងៃ៤រោចខែអាសាឍឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៥នេះថា គម្រោងជួសជុលប្រាសាទនេះបានចាប់ផ្តើមតាំងពីអំឡុងខែឧសភាឆ្នាំ២០២៥មក គឺក្រុមអ្នកជំនាញបានធ្វើការជួសជុលពង្រឹងប្រាសាទឥដ្ឋប្រាង្គទី៩ ក្នុងកំពែងទី៣នៃប្រាសាទបាគងនេះឡើងវិញ។


លោក សារាយ គឹមហួល បានអោយដឹងថា រចនាសម្ពន្ធប្រាសាទឥដ្ឋនេះ បានខូចខាតយ៉ាងធ្ងន់ធ្ងរ ជញ្ជាំងប្រាសាទបានហែកជា៤បំណែកធំៗ ប្រឈមនឹងហានិភ័យខ្ពស់ដោយសារ កត្តាពេលវេលា សំណង់មានសភាពចាស់ជរា ទ្រុឌទ្រោមខ្លាំង និងប្រឈមការប្រែប្រួលអាកាសធាតុជាដើម។ល។ ដូច្នេះអ្នកជំនាញបានធ្វើការទល់ទ្រ នៅជញ្ជាំងផ្នែកខាងលិច និងខាងជើង។ ចំណែកផ្នែកខាងក្នុងនៃប្រាសាទ ត្រូវធ្វើឆ្អឹងដែក ដើម្បីពង្រឹងរចនាសម្ពន្ធប្រាង្គ ដែលនៅសេសសល់ឱ្យរឹងមាំឡើងវិញ។ ហើយក្រៅពីនេះក៏ចាប់ផ្តើមជួសជុលពង្រឹងគ្រឹះ និងជញ្ជាំងដែលប្រេះហែក និងពុកផុយឱ្យរឹងមាំឡើងវិញដែរ ដោយបច្ចេកទេសគឺដាប់យកឥដ្ឋ ដែលខូចគុណភាពចេញ រួចរៀបជំនួសវិញនូវឥដ្ឋថ្មីដែលមានគុណភាពល្អ អាចទ្រទ្រង់ជញ្ជាំងបន្តទៀតបាន។

លោក សារាយ គឹមហួល បានអោយដឹងទៀតថា មកដល់បច្ចុប្បន្នកិច្ចការជួសជុលសម្រេចបានលទ្ធផល៣៥ភាគរយហើយ ដោយបានបែងចែកការងារជាពីរដំណាក់ គឺដំណាក់កាលទី១ពង្រឹងទល់ទ្រជញ្ជាំងផ្នែកខាងលិចនិងរៀបចំជាឆ្អឹងដែកផ្នែកខាងក្នុង។ បន្ទាប់មកដំណាក់កាលទី២ គឺការជួសជុលជញ្ជាំងឥដ្ឋ ដោយអ្នកជំនាញរួបនេះរំពឹងថា ការជួសជុលប្រាសាទនេះ អាចនិងបញ្ចប់នៅចុងឆ្នាំ២០២៥ខាងមុខ។


គួរជម្រាបជូនថា ប្រាសាទឥដ្ឋព័ទ្ធជុំវិញកសិន្ធុប្រាសាទបាគង មានសរុបចំនួន២២ប្រាសាទ ដោយប្រាសាទខ្លះបានរងការខូចខាតស្ទើតែមិនសេសសល់រូបរាង។ ហើយចំណែកប្រាសាទដែលនៅមានរូបរាង អាជ្ញាធរជាតិអប្សរាបានថែទាំ អភិរក្សជាបន្តបន្ទាប់ ដើម្បីថែរក្សាមរតកបេតិកភណ្ឌជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សជាតិ។ ជាក់ស្តែងកន្លងមកអាជ្ញាធរជាតិអប្សរា បានជួសជុលប្រាសាទឥដ្ឋចំនួន៧ ជញ្ជាំងខឿនថ្មភក់ចំនួន១ ជួសជុលតោនិងកម្រាលចំនួន១ ជួសជុលពង្រឹងដំរីនិងកម្រាលចំនួន១ ជួសជុលបង្គោលសីមា ផ្លូវចូលខាងកើត និងពង្រឹងការពារបណ្តោះអាសន្នចំនួន៤ទីតាំងទៀត នៅជុំវិញប្រាសាទបាគង៕
ដោយ៖ ហង្ស សៀក





