អភិបាលខេត្តបន្ទាយមានជ័យចុះជួបពលរដ្ឋដោយផ្ទាល់ «មិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ»
AKP បន្ទាយមានជ័យ ថ្ងៃទី ០៥ ខែឧសភាឆ្នាំ២០២៦--ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត ព្រមទាំងក្រុមការងារពាក់ព័ន្ធ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារដែលរស់នៅក្នុងសង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវការសួរសុខទុក្ខយ៉ាងមុតមាំពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនចំពោះបងប្អូនប្រជានពលរដ្ឋដោយក្ដីនឹករលឹក។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល មិនដែលបោះបង់បងប្អូនចោលឡើយ។ យើងតាមដានជាប់ជានិច្ចនូវរាល់ការលំបាក និងដោះស្រាយឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ត្រូវដាច់ពោះស្លាប់ដោយសារគ្មានអាហារទទួលទាននោះទេ។
ក្រៅពីការផ្តល់អំណោយសង្គ្រោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់នូវទស្សនទានសំខាន់ៗ ដើម្បីជួយឱ្យពលរដ្ឋអាចងើបចេញពីការលំបាកប្រកបដោយនិរន្តរភាព រួមមានជំរុញការងារកសិកម្ម ឯកឧត្តមបានក្រើនរម្លឹកដល់ពលរដ្ឋ ត្រូវខិតខំដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វតាមលទ្ធភាពដែលមាននៅជុំវិញផ្ទះ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនចំណូល។ការពង្រឹងមុខរបរត្រូវខិតខំប្រកបមុខរបរផ្សេងៗតាមជំនាញរៀងៗខ្លួនឱ្យអស់លទ្ធភាព ដើម្បីលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរឡើង។
ការថែទាំសុខភាព ឯកឧត្តមបានសង្កត់ធ្ងន់លើការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ព្រោះសុខភាពគឺជាមូលដ្ឋានគ្រឹះនៃកម្លាំងដើម្បីប្រកបការងារចិញ្ចឹមជីវិត។
តំណាងឱ្យប្រជាពលរដ្ឋទាំង ២០០គ្រួសារ ដែលបានទទួលអំណោយ បានសម្តែងនូវក្តីរំភើបរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្ត ជាពិសេសឯកឧត្តម អ៊ុំ រាត្រី ដែលបានចំណាយពេលវេលាដ៏មមាញឹកចុះមកជួប និងជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ដោយផ្ទាល់។

លោកយាយម្នាក់ក្នុងសង្កាត់ព្រះពន្លា បានលើកឡើងដោយក្តីរំភើបថា «ខ្ញុំពិតជាអរគុណដល់ឯកឧត្តមអភិបាលខេត្ត និងរាជរដ្ឋាភិបាលណាស់។ អំណោយទាំងនេះមិនត្រឹមតែជួយបំបាត់ការខ្វះខាតក្នុងផ្ទះបាយមួយគ្រានោះទេ ប៉ុន្តែការចុះមកសួរសុខទុក្ខដោយផ្ទាល់នេះ បានធ្វើឱ្យពួកខ្ញុំមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការតស៊ូក្នុងជីវិតបន្តទៀត»។
គួរបញ្ជាក់ផងដែរថា អំណោយដែលបានចែកជូននាពេលនេះ រួមមាន៖គ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់មួយចំនួន ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងមូលដ្ឋានក្រុងសិរីសោភ័ណបានមួយគ្រាដែរ៕
ដោយ ឈុន សារ៉ាត





