រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការរៀបចំនូវផែនទីបង្ហាញផ្លូវក្នុងវិស័យអប់រំ គឺផ្ដោតសំខាន់លើការគ្រប់គ្រង និងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង
AKP ភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦--រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ការរៀបចំនូវផែនទីបង្ហាញផ្លូវក្នុងវិស័យអប់រំ គឺផ្ដោតសំខាន់លើការគ្រប់គ្រង និងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង ដើម្បីជំនួសគ្រូបង្រៀនថ្នាក់ពីរវេន ថ្នាក់គួប និងការបញ្ចូលគ្រូបង្រៀនជាប់កិច្ចសន្យាក្នុងក្របខ័ណ្ឌ ព្រមទាំងការជ្រើសរើសគ្រូបង្រៀនបំពេញបន្ថែមលើមុខវិជ្ជាឯកទេសដែលកំពុងមានតម្រូវការ។

ក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីផែនទីបង្ហាញផ្លូវក្នុងវិស័យអប់រំ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវនេះមានគោលដៅសំខាន់ៗដូចជា៖ ពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ការគ្រប់គ្រង ការប្រើប្រាស់គ្រូបង្រៀនតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ អនុវិទ្យាល័យ និងវិទ្យាល័យឱ្យយល់ដឹងកាន់តែច្បាស់។ លុបបំបាត់ការប្រើប្រាស់កម្មវិធីបង្រៀនថ្នាក់ពីរវេន ថ្នាក់គួបគ្រប់កម្រិត និងការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាប្រភេទ២។ កំណត់ស្ដង់ដានៃការគ្រប់គ្រង ការជ្រើសរើស និងការប្រើប្រាស់គ្រូបង្រៀននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈទូទាំងប្រទេស ដែលស្ថិតក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។ គ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅឱ្យមានភាពជាក់លាក់ និងច្បាស់លាស់។ បញ្ចូលគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅទៅក្នុងក្របខ័ណ្ឌផ្អែកតាមគុណវុឌ្ឍិ និងសមត្ថភាពវិជ្ជាជីវៈគរុកោសល្យ និងបង្កើនប្រសិទ្ធភាព និងគណនេយ្យភាពនៃការប្រើប្រាស់ថវិកាជាតិឱ្យចំគោលដៅ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានរៀបចំសេចក្ដីព្រាងផែនទីបង្ហាញផ្លូវនេះឡើង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានផ្ដល់អនុសាសន៍ឱ្យក្រុមការងារបន្តពិនិត្យ និងសិក្សាស្រាវជ្រាវបន្ថែមលើទិន្នន័យជាក់ស្ដែងតាមគ្រឹះស្ថានសិក្សា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងការបែងចែកធនធានគ្រូបង្រៀនឱ្យចំគោលដៅ តាមរយៈការពិនិត្យលើលទ្ធភាពថវិកា ម៉ោងបង្រៀន និងតម្រូវការគ្រូបង្រៀនពិតប្រាកដ៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





