អភិបាលខេត្តព្រះវិហារ និងលោកជំទាវ អញ្ជើញសម្ពោធដាក់ឱ្យជាផ្លូវការអគារសាលាបឋមសិក្សាថ្មី១ខ្នង ២បន្ទប់ ដើម្បីបម្រើឱ្យវិស័យអប់រំនៅក្នុងមូលដ្ឋាន
AKP ព្រះវិហារ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥-
អគារសាលាបឋមសិក្សាថ្មី ១ខ្នង ២បន្ទប់ ដែល បានជួសជុល និងសាងសង់ឡើងវិញយ៉ាងស្អាត និងរឹងមាំ បន្ទាប់ពីអគារចាស់មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ស្ថិតក្នុងភូមិកំពង់ព្រះឥន្ទ្រ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សាខាសមាគមនារីខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
អគារសិក្សាថ្មីនេះ ត្រូវបានចំណាយថវិកាអស់ជិត ១ម៉ឺនដុល្លារឋអាម៉េរិក ដែលជាការឧបត្ថម្ភគាំទ្រសប្បុរសធម៌ពីក្រុមការងារសមាគមនារីកម្ពុជាខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរមូលដ្ឋាន រួមទាំងការចូលរួមចំណែកពីសហគមន៍ ក្នុងការជួសជុល និងសាងសង់ឡើងវិញ ដើម្បីធានាបាននូវបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់សិស្សានុសិស្ស ក៏ដូចជាលើកកម្ពស់គុណភាពអប់រំនៅក្នុងមូលដ្ឋាន។


ថ្លែងក្នុងឱកាសនោះ លោកជំទាវ សុខា គងពិសី បានសម្តែងនូវក្តីរំភើបយ៉ាងខ្លាំងដែលបាន មកជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សទាំងអស់នាពេលនេះ ព្រមទាំងបាននាំយកនូវអំណោយជាច្រើនរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់មាតាបិតា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីប្រកបដោយមោទកភាព។ លោកជំទាវសង្ឃឹមថា អគារសិក្សាថ្មីនេះនឹងក្លាយជាទីកន្លែងដ៏មានសុវត្ថិភាព ផាសុកភាព និងអំណោយផលល្អសម្រាប់ក្មួយៗខិតខំរៀនសូត្រឱ្យពូកែ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។


ឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមនារីកម្ពុជាខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការគៀងគរ និងផ្ដល់ថវិកាសម្រាប់ជួសជុលអគារសិក្សាមួយខ្នងនេះឡើងវិញ រហូតបានលេចជារូបរាងយ៉ាងស្រស់ស្អាត និងរឹងមាំដូចពេលនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនេះ គឺកើតចេញពីកិច្ចសហការ និងសាមគ្គីភាពដ៏រឹងមាំរវាងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅតាមមូលដ្ឋាន។


ជាមួយនេះ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តរក្សា និងពង្រឹងស្មារតីសាមគ្គីភាពនេះបន្តទៀត ក្នុងកិច្ចការជួសជុលសាលារៀននានានៅតាមបណ្ដាស្រុកផ្សេងៗទៀតដែលមានសភាពចាស់ទ្រុឌទ្រោម ជាពិសេសនៅតាមតំបន់ដាច់ស្រយោល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្ស គឺមិនអាចកាត់ផ្ដាច់បានពីការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំនោះទេ ហើយរាល់ការរួមចំណែកទាំងអស់ មិនថាតិចឬច្រើន គឺសុទ្ធតែជាកម្លាំងចលករដ៏សំខាន់សម្រាប់អនាគតកូនចៅយើង។
ឯកឧត្តមបានផ្តាំផ្ញើទៅដល់លោកគ្រូ អ្នកគ្រូទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងបង្រៀនសិស្សានុសិស្សឱ្យកាន់តែពូកែ ជាពិសេស ភាសាខ្មែរ ដែលជាភាសាជាតិរបស់យើង។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ដោយសារតំបន់នេះនៅក្បែរព្រំដែនប្រទេសឡាវ ការយក ចិត្តទុកដាក់លើការបង្រៀនភាសាខ្មែរគឺជារឿងសំខាន់បំផុត ដើម្បីធានាបានថាកូនចៅខ្មែរ យើងចេះនិយាយ និងសរសេរភាសាជាតិបាន ត្រឹមត្រូវ និងច្បាស់លាស់ ចៀសវាងការចេះតែភាសាឡាវ ហើយបាត់បង់អត្តសញ្ញាណជាតិរបស់យើង ហើយការពង្រឹងភាសាជាតិ គឺស្មើនឹងការពង្រឹងឫសគល់នៃវប្បធម៌ និងអរិយធម៌ខ្មែរ៕

ដោយ៖ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ





