កងពលតូចថ្មើរជើងលេខ៤២ចេញល្បាតសហការត្រួតពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥--
ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឺងទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ។

ឧត្ដមសេនីយ៍ត្រី នាក់ វង្ស បានលើកឡើងថា កងកម្លាំងទាំងអស់ត្រូវបន្តពង្រឹងការសហការឱ្យបានស្អិតរមួតជាមួយអង្គភាពនគបាលការពារព្រុំដែនគោកលេខ៧០២ ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្ថិភាព ស្ថេរភាពជូនប្រជាពលរដ្ឋ ។

លោកមេបញ្ជាការក៏បានផ្ដាំផ្ញើដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជំងឺផ្សេងៗ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





