គម្រោងរេដបូក លំផាត់ គាំទ្រដល់កសិករបង្កើតក្រុមផលិតស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥--
បន្ទាប់ពីបានរៀបចំរចនាសម្ព័ន្ធ និងលក្ខន្តិកៈរួចរាល់ ក្រុមផលិតស្រូវសរីរាង្គ មិត្តភាពសង្គ្រោះសត្វព្រៃ ក្នុងដែលជម្រកសត្វព្រៃ លំផាត់ បានចាប់ផ្តើមដំណើរការក្រុមផលិតរបស់ខ្លួន តាមការគ្រោងទុក។

មន្ត្រីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ថា ក្រុមផលិតស្រូវសរីរាង្គ មិត្តភាពសង្គ្រោះសត្វព្រៃចាប់ផ្តើមធ្វើការប្រជុំប្រចាំខែ ដើម្បីរៀបចំផែនការសកម្មភាព និងថវិកា សម្រាប់ធ្វើយ៉ាងណាឱ្យក្រុមផលិតរបស់ខ្លួនអាចធ្វើការងារប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល។ ក្រុមផលិតដើរតួនាទីយ៉ាងសំខាន់ក្នុងផ្សាភ្ជាប់រវាងកសិករ ជាមួយក្រុមហ៊ុនទិញស្រូវ អង្គការដៃគូ និងអាជ្ញាធរភូមិឃុំ។ គណៈកម្មការក្រុមផលិតធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករដើម្បី ជំរុញឱ្យការផលិតស្រូវមានការកើនឡើង និងស្របទៅតាមស្តង់ដារសរីរាង្គ និងអភិរក្ស។

សូមជម្រាបជូនថា គោលបំណងនៃការកសាងសមត្ថភាពក្រុមផលិតទាំងពីរគឺដើម្បីឱ្យពួកកសិករអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងគ្រប់គ្រងសកម្មភាពផលិត និងមានភាពម្ចាស់ការនៅថ្ងៃខាងមុខ។ សកម្មភាពស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃនៅដែនជម្រកសត្វព្រៃ លំផាត់ នេះអនុវត្តក្រោមកិច្ចសហការរវាងអង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife ក្រុមហ៊ុនអាយប៊ីសរាយ៍ អង្គការសន្សំម្លប់ព្រៃ និងអង្គការអ៊ុកស្វាមកម្ពុជា៕

ដោយ ណយ នឿន (ប្រភព៖ NatureLife)





