មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចជូនកងកម្លាំង
AKP កំពង់ធំ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥--
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកកំពង់ធំ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនអំពីសភាពការណ៍ទូទៅនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការបង្កហេតុផ្សេងៗរបស់ភាគីថៃ នៅតាមបន្ទាត់ព្រំដែន តែកងយោធពលខេមរភូមិន្ទរបស់យើងបានគោរពវិន័យយ៉ាងម៉ឺងម៉ាត់ មានការអត់ធ្មត់ខ្ពស់ ស្ដាប់តាមការដឹកនាំបញ្ជារបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងបានប្តេជ្ញាចិត្តដាច់ខាតក្នុងការការពារបូរណភាពទឹកដីមិនឱ្យខ្មាំងសត្រូវរំលោភបំពានបានឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ជូនអំពីសកម្មភាពការងារបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសនេសាទ ដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសាច់រងកំពង់ធំ កំពុងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការការពារធនធានធម្មជាតិ ពិសេសការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ដែលបានលួចធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្របឹងទន្លេសាប ក្នុងរដូវបិទនេសាទទទួលបានលទ្ធផលល្អប្រសើរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ ជូនយោធិនគឺ÷ ទី១. ត្រូវយកចិត្តទុកដាក់ ត្រៀមបម្រុងកម្លាំងគ្រឿងបំពាក់ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ទី២. ត្រូវបន្តសកម្មភាពឱ្យដូចភ្លៀងរលឹម ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ ពិសេសបទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទនេះ និងទី៣. បន្តសកម្មភាពការងារបម្រើប្រជាជន និងអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានានៅក្នុងខេត្តកំពង់ធំ ដោយអនុវត្តតាមទិសស្លោក កងទ័ពជាកូនចៅរបស់ប្រជាជន អ្វីៗដើម្បីប្រជាជន៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





