សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដឱ្យគ្រប់បណ្ដាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបន្ដខិតខំម្ចាស់ការនៅក្នុងការបំពេញនូវតម្រូវការនៃការហ្វឹកហ្វឺន បណ្ដុះបណ្ដាល ដើម្បីធានាប្រសិទ្ធភាពកម្លាំង
AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងលើកទឹកចិត្ដឱ្យគ្រប់បណ្ដាកងឯកភាពទាំងអស់ ទាំងកងកម្លាំងនគរបាលជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កងយោធពលខេមរភូមិន្ទ កងទ័ពជើងទឹក ជើងគោក ជើងអាកាស កងរាជអាវុធហត្ថ បន្ដខិតខំម្ចាស់ការនៅក្នុងការបំពេញនូវតម្រូវការនៃការហ្វឹកហ្វឺន ដើម្បីធានាប្រសិទ្ធភាពកម្លាំង ខណៈរាជរដ្ឋាភិបាលនឹងខិតខំបន្ថែម ដើម្បីជួយនៅក្នុងកិច្ចការធំៗទាំងនេះ ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅក្នុងកងទ័ពត្រូវការបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនច្រើន មិនមែនហ្វឹកហ្វឺនតែយុទ្ធវិធីនោះទេ គឺបណ្ដុះបណ្ដាលវិន័យ សណ្ដាប់ធ្នាប់ ដើម្បីយកទៅបម្រើដល់សង្គម។ សម្ដេចធិបតីលើកឡើងថា ឆ្លងកាត់ការប្រឈមមកនេះ បានធ្វើឱ្យយើងឃើញនូវចំណុចខ្លាំង និងចំណុចដែលត្រូវពង្រឹងមួយចំនួនដើម្បីយើងត្រូវធ្វើបំពេញបន្ថែម និងពង្រឹងនោះ ហើយការធ្វើនេះ គឺមិនចប់ទេផ្នែកការពារជាតិនៅតែបន្ដធ្វើតទៅទៀត។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានអរគុណចំពោះបណ្ដាអង្គភាព វិស័យឯកជន ដែលជាសម្ព័ន្ធមេត្រីភាពរបស់បណ្ដាកងឯកភាពចំណុះឱ្យកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រសួង ស្ថាប័ន ដៃគូ សប្បុរសជនទូទៅ និងមិត្ដភក្ដិទាំងអស់ដែលបានចូលរួមក្នុងការជួយពង្រឹងសមត្ថភាពកងទ័ពមិនថា ការហ្វឹកហ្វឺន ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារនោះទេគឺបានចូលរួមចំណែកច្រើន។

ជាមួយគ្នានេះដែរសម្ដេចធិបតីបានស្នើសុំការចូលរួមបំផុសបន្ថែមទៀត ដែលសម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថា “ខឿនការពារជាតិរបស់ប្រជាពលរដ្ឋ” ខណៈក្នុងមួយរយៈពេលកន្លងមកនេះគឺមានភាពផុសផុលនៅក្នុងការជួយគាំទ្រទៅដល់កម្លាំងការពារជាតិរបស់យើង។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីសុំឱ្យស្មារតីនេះ នៅបន្ដលើភាពម្ចាស់ការ និងការទទួលខុសត្រូវរយៈពេលវែងរបស់យើងក្នុងការចូលរួមកសាងសមត្ថភាពកម្លាំងការពារជាតិរបស់យើងគ្រប់ប្រភេទ៕
ដោយ៖ រិទ្ធី





