សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ត្រូវតែពិនិត្យ គិតគូរនៅក្នុងការបង្កើនថវិកាការពារជាតិបន្ថែម
AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥–សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទំនើបកម្មកងទ័ព គឺត្រូវការទំនើបកម្ម៣យ៉ាង ទំនើបកម្មរចនាសម្ព័ន្ធ, ទំនើបកម្មការកសាងធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់ ដែលកំណែទម្រង់ដើម្បីអភិវឌ្ឍនេះ ពាក់ព័ន្ធទៅនឹងថវិកាជាតិ ដែលត្រូវពិនិត្យនៅក្នុងការគិតគូរនៅក្នុងការបង្កើនថវិកាការពារជាតិ ក្រោយពីកម្ពុជាកន្លងទៅ បានបង្វែរថវិកាការពារជាតិ សម្រាប់ការចំណាយសង្គម អភិវឌ្ឍធនធានមនុស្ស អប់រំ សុខាភិបាល និងវិស័យផ្សេងៗជាអទិភាព។

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានថ្លែងថា ការប្រឈមរបស់កម្ពុជា រួមទាំងសង្គ្រាមផ្ទៃក្នុងរាប់ទសវត្សរ៍កន្លងទៅ ដែលការកសាងកងកម្លាំងក្រោយនយោបាយឈ្នះឈ្នះ និងការប៉ះទង្គិចគ្នាព្រំដែន ឆ្នាំ២០០៨-២០១១ ក៏ជាកត្តារួមផ្សំនៃការកំណែទម្រង់កងទ័ព ស្របពេលនៃការប្រឈមជាមួយថៃ នៅឆ្នាំ២០២៥នេះ គឺជាមេរៀនមួយសម្រាប់កម្ពុជា និងជាឱកាសមួយសម្រាប់កម្ពុជា នៅក្នុងការពិនិត្យវាយតម្លៃ និងដាក់ទិសដៅសម្រាប់ធ្វើការកែទម្រង់កងទ័ព ។

សម្តេចធិបតី សង្កត់ធ្ងន់ថា កម្ពុជាមិនអាចនៅនឹងថ្កល់នោះទេ ត្រូវតែដើរទៅមុខជាប្រចាំ ដូចនេះផ្អែកទៅលើកិច្ចការងារកំណែទម្រង់កងទ័ព ត្រូវធ្វើជាបន្តទៀត ហើយពន្លឿននៅក្នុងកិច្ចការមួយចំនួន ។
ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា ការដឹកនាំពង្រឹងទៅលើការកំណែទម្រង់ការពារជាតិនេះ គឺត្រូវការកម្លាំងសរុប ដូចនេះការរៀបចំនៅក្នុងការពិនិត្យវាយតម្លៃ ការពង្រឹង និងទំនើបកម្មកងទ័ព ទៅថ្ងៃមុខ ដើម្បីបង្កើនប្រសិទ្ធភាព គឺត្រូវការទំនើបកម្ម៣យ៉ាង ទំនើបកម្មរចនាសម្ព័ន្ធ ទំនើបកម្មការកសាងធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់ សមត្ថភាពបំពាក់ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា«ពាក់ព័ន្ធទៅនឹងថវិកាជាតិ យើងត្រូវពិនិត្យនៅក្នុងការគិតគូរនៅក្នុងការបង្កើនថវិកាការពារជាតិ នៅក្នុងកម្រិតណាមួយ ក្រោយពីសង្គ្រាម ក្រោយពីនយោបាយឈ្នះឈ្នះ យើងបានបង្វែរថវិកាការពារជាតិ របស់យើងមួយចំនួនធំកាត់បន្ថយចុះ ទៅជាថវិកាសម្រាប់បង្កើនទៅលើមុខផ្សេងៗ ការចំណាយសង្គម អភិវឌ្ឍធនធានមនុស្ស អប់រំ សុខាភិបាល វិស័យផ្សេងៗជាអាទិភាព កងទ័ពរបស់យើងកន្លងទៅ អាវុធគ្រាប់យើងកំទេ ចចោលរាប់តោន កម្លាំងជំនាញជាច្រើនត្រូវបានបាត់បង់ ក្រោយមកយើងចាប់ផ្តើមកសាង ក្រោយពីសមាហរណកម្ម ក្រោយពីនយោបាយឈ្នះឈ្នះឡើងវិញ ពី៩៣រហូត៩៨យើងកំទេចច្រើនណាស់ យើងរំសាយច្រើន ឥឡូវយើងចាប់ផ្តើមបន្តទៀត ចឹងការគិតគូរពីថវិកាជាតិ នៅក្នុងវិស័យការពារជាតិនៅសំខាន់ ប៉ុន្តែចាយទៅឱ្យចំគោលដៅ»។
បន្ថែមលើនេះ សម្តេចធិបតី បញ្ជាក់ថា ការធ្វើរចនាសម្ព័ន្ធ ត្រូវធ្វើទំនើបកម្មឱ្យស្របតាមសំណូមពរភារកិច្ច និងបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការប៉ុនប៉ងឈ្លានពាននានា ខណៈការពារជាតិរបស់កម្ពុជា ការកសាងកងទ័ពរបស់កម្ពុជា មិនមែនសម្រាប់ទៅវាយដណ្តើមដីអ្នកណាទេ គឺដើម្បីការការពារទឹកដីរបស់កម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ខឹម សុវណ្ណារ៉ា





