ឯកឧត្តម ប្រាក់ ដាវីដ ចុះពិនិត្យទីតាំងភ្ញាស់កូនត្រី និងចិញ្ចឹមត្រីក្នុងឃុំព្រះនេត្រព្រះ និងឃុំគំរូ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម ប៉ុល សុផា ឯកឧត្តម សេក ភក្តី ទីប្រឹក្សាក្រសួងកសិកម្ម លោក ឃុន កក្កដា អគ្គនាយកស្តីទីអគ្គនាយកដ្ឋានកៅស៊ូ លោក ស៊ឹម តូ អនុប្រធានវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងសហការី បានចុះជួបម្ចាស់កសិដ្ឋានភ្ញាស់កូន និងចិញ្ចឹមត្រី នៅក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ និងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាពេលថ្មីៗនេះ។

ជំនួបនោះមានក្នុងគោលបំណងពិនិត្យអំពីវឌ្ឍនភាព និងសមត្ថភាពផ្គត់ផ្គង់កូនត្រីពូជ និងត្រីសម្រាប់យកសាច់ ដែលជាផ្នែកមួយនៃការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងជូនកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ទន្ទឹមនឹងនេះ ការចុះពិនិត្យនេះក៏មានបំណងជំរុញ និងលើកកម្ពស់វិស័យវារីវប្បកម្មក្នុងតំបន់ ក្នុងគោលដៅបន្តបង្កើនការផ្គត់ផ្គង់ទីផ្សាឱ្យបានគ្រប់គ្រាន់ ធានាសន្តិសុខស្បៀង និងការផ្គត់ផ្គង់អាហារប្រកបដោយគុណភាពខ្ពស់ កាត់បន្ថយការនាំចូលពីខាងក្រៅ៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





