មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំងដាំបន្លែ នៅក្រុងសិរីសោភ័ណ្ឌ និងក្រុមផលិតបន្លែអូរសឿ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ហុង ណារិត និងលោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោកប្រធាន អនុប្រធាន និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមយុវជនស.ស.យ.ក និងសិស្សវិទ្យាល័យហ៊ុនសែនខ្លាកូន បានចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំង និងចូលរួមក្នុងសកម្មភាពដាំដុះបន្លែ នៅទីតាំងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យអំពីវឌ្ឍនភាព និងសមត្ថភាពផ្គត់ផ្គង់បន្លែ ដែលជាផ្នែកមួយនៃការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងជូនកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យ និងសំណេះសំណាលជាមួយកសិករនៃក្រុមផលិតបន្លែនៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីចំណុចខ្លាំង បញ្ហាប្រឈម និងពិនិត្យលទ្ធភាពរកដំណោះស្រាយជូនកសិករ ដើម្បីរួមចំណែកបង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មបន្លែ ក្នុងគោលដៅបន្តធានាសន្តិសុខស្បៀង និងការផ្គត់ផ្គង់អាហារដែលមានគុណភាព៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





