ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំក្រុមការងារទៅពិនិត្យជាក់ស្ដែងស្ថានភាពស្ពានឈើដែលមានសភាពចាស់ទ្រុឌទ្រោមមួយកន្លែង
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារ រួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ទៅពិនិត្យជាក់ស្ដែងស្ថានភាពស្ពានឈើដែលមានសភាពចាស់ទ្រុឌទ្រោមពិបាកធ្វើដំណើរឆ្លងកាត់១កន្លែង ប្រវែង៥០ម៉ែត្រ ទទឹង៣,៥ម៉ែត្រ នារសៀលថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥។ ស្ពានឈើនេះ ត្រូវបានសាងសង់កាលពីឆ្នាំ២០០០ ដោយព្រះចៅអធិការវត្តគីរីបុប្ផាចំការល្ង និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត សម្រាប់ឆ្លងកាត់ពីភូមិក្រឡង់ ឃុំស្ដេចគង់ខាងជើង ទៅភូមិចម្លងជ្រៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ការចុះពិនិត្យនេះធ្វើឡើងតាមការស្នើសុំរបស់ប្រជាពលរដ្ឋចំនួន៤ភូមិ និងអាជ្ញាធរមូលដ្ឋាន ដែលពួកគាត់មានការលំបាកខ្លាំងក្នុងការធ្វើដំណើរទៅកាន់វត្តអារាម មណ្ឌលសុខភាព សាលាឃុំ ដែលជាមណ្ឌលផ្តល់សេវាសាធារណៈផ្សេងៗ ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងសម្រាប់សិស្សានុសិស្សទៅសាលារៀន។

ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់នាយកដ្ឋានផ្លូវលំជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពិនិត្យលទ្ធភាពដើម្បីធ្វើការជួសជុលបឋមជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យមានសុវត្ថិភាព ក្នុងពេលរង់ចាំស្ថាបនាស្ពានថ្មីជូនតាមសំណើ។

ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្ដ្រីបាននាំយកនូវប្រសាសន៍សួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ និងនឹករលឹក ព្រមទាំងបានផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





