ក្រុមការងារសុខាភិបាលបន្តចុះពង្រឹងគាំទ្រសេវាសុខាភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥-- ក្រោមការចង្អុលបង្ហាញពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី និងឯកឧត្តម ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញបន្តចុះពិនិត្យមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន០៥កន្លែង ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងមួយកន្លែងមណ្ឌលសុខភាពនៅតំបន់សុវត្ថិភាព (គោកមន) ដើម្បីពិនិត្យ សម្រួល និងពង្រឹងសមត្ថភាពថែទាំសុខភាព ជូនបងប្អូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងបេសកកម្មនេះ បានចុះពិនិត្យការងារមួយចំនួនដូចជា ស្ថានភាពសំណង់ សុវត្ថិភាពលេណដ្ឋាន ត្រៀមប្រចាំការរបស់មន្ត្រីសុខាភិបាល ការផ្គត់ផ្គង់ឱសថ បរិក្ខារ និងប្រព័ន្ធបញ្ជូនតម្រូវការ ផ្នែកវះកាត់តូច សង្រោះបឋម និងថែទាំរបួស។ ក្រុមការងារបានសង្កេតឃើញថា មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការចូលរួមសង្គ្រោះ និងថែទាំប្រជាពលរដ្ឋក្នុងករណីមានគ្រោះអាសន្ន។ ទន្ទឹមនេះ ប្រធានមន្ទីរសុខាភិបាលត្រូវគិតគូររៀបចំបំពាក់បន្ថែមសម្ភារ បរិក្ខារសម្រាប់ការវះកាត់តូច និងថែទាំរបួស ដើម្បីបំពេញតម្រូវការជាក់ស្តែង បង្កើនសមត្ថភាពប្រព័ន្ធបញ្ជូន ឱ្យបានឆាប់រហ័ស និងប្រសិទ្ធភាព។

ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តល់ការណែនាំបន្ថែមដល់មន្រ្តីប្រចាំមណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាពឱ្យពង្រឹងសហការគ្នា ជាពិសេសជាមួយមន្ទីរសុខាភិបាល ការិយាល័យសុខភាព និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ និងកងយោធពលខេមរភូមិន្ទឱ្យបានជាប់ជាប្រចាំ និងសម្តែងការគោរព និងកោតសរសើរដល់មន្រ្តីសុខាភិបាល នៅតាមបណ្តោយព្រំដែនទាំងអស់ ដែលមានស្មារតីស្នេហាជាតិ មានការតាំងចិត្តខ្ពស់ និងបានជម្នះរាល់ឧបសគ្គ ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។

ការចុះត្រួតពិនិត្យនេះគឺមានការសម្របសម្រួលពីឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្តឧត្តមានជ័យ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបន្ទាយអំពិល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ សំរោង និងអាជ្ញាធដែនដីបាន ចុះទៅតាមមណ្ឌលសុខភាពជាប់ព្រំដែនកម្ពុជា-ថៃ ជាប់គៀក និងប្រាសាទ តាមាន់ធំ និងប្រាសាទតាក្របី ចំនួន៥ទីតាំង រួមមាន៖ ១. មណ្ឌលសុខភាពសែនមនោរម្យ ២. មណ្ឌលសុខភាព តេជោថ្មដូន ៣. មណ្ឌលសុខភាពអំពិលសែនជ័យ ៤. មណ្ឌលសុខភាព ហាលៀមសែនជ័យ ៥. មណ្ឌលសុខភាព រំដួលសែនជ័យ និងមួយកន្លែងមណ្ឌលសុខភាពនៅតំបន់សុវត្ថិភាព (គោកមន)៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសុខាភិបាល)





