ឯកឧត្តមបណ្ឌិត ជីវ កេង និងលោកជំទាវ ឆាយ ស៊ីណា ប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ដល់ព្រះសង្ឃចំនួន១០វត្តនៅខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ ស៊ីណា ព្រមទាំងបុត្រ និងចៅ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ព្រមទាំងក្រុមការងារបាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១០វត្ត គឺក្រុងស្ទឹងសែនចំនួន១វត្ត ស្រុកកំពង់ស្វាយ១វត្ត និងស្រុកប្រាសាទសំបូរចំនួន៨វត្តនៅបរិវេណវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ជីវ កេង បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែមានការព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទទាំងអស់និងសូមប្រគេនពរជូនដល់ព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចក្ដីសុខ សេចកីចម្រើន សុខភាពល្អនិងអាយុយឺនយូរ ដើម្បីចូលរួមចំណែកក្នុងការកសាងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងកសាងអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។

ឯកឧត្តមបណ្ឌិតប្រធានតុលាការកំពូលបានលើកឡើងថា ការប្រគេនទៀនព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូនវត្តចំនួន១០ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីប្រគេនព្រះសង្ឃ និងភិក្ខុសង្ឃគង់ចាំវស្សារយៈពេល៣ខែនៅតាមវត្តអារាមនានា។ នារដូវកាលនេះ ព្រះសង្ឃត្រូវចៀសវាងការធ្វើដំណើរក្នុងរដូវវស្សា ពិធីនេះក៏ជាឱកាសសម្រាប់ព្រះសង្ឃពង្រឹងសមាធិ និងការសិក្សាព្រះធម៌។ យើងឧបត្ថម្ភគាំទ្រទៅតាមលទ្ធភាពក្នុងវិស័យសាសនាដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាទាំងអស់គ្នា។

សូមជម្រាបជូនថា ពិធីចូលវស្សាគឺជាបុណ្យសាសនាដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ រយៈពេល៣ខែ។ ពិធីនេះតំណាងឱ្យការចាប់ផ្តើមវស្សារបស់ព្រះសង្ឃ និងជាឱកាសសម្រាប់ពុទ្ធសាសនិកជនពង្រឹងសីលធម៌ និងសទ្ធាធម៌របស់ខ្លួន។ ក្នុងអំឡុងពិធីនេះ ព្រះសង្ឃបានរៀបចំការប្រកាសចូលវស្សា រៀបចំព្រះវិហារ និងកន្លែងសមាធិ និងការរក្សាសីល ហើយពិធីនេះ ជាឱកាសដល់ពុទ្ធសាសនិកជនធ្វើកុសលកម្ម បំពេញបារមី និងពង្រឹងសទ្ធាដល់ព្រះសង្ឃ ក៏ប្រើពេលនេះ ដើម្បីព្យាយាមបំពេញវិបស្សនាធម៌ និងផ្សព្វផ្សាយព្រះធម៌ដល់ពុទ្ធបរិស័ទ៕


ដោយ ស៊ុម វណ្ណា





