ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្ដួចផ្ដើមគំនិតនវានុវត្តន៍ក្នុងវិស័យសាធារណៈជូនដល់មន្ត្រីរាជការក្នុងខេត្តកំពង់ធំ
AKPកំពង់ធំ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម អៀង គីម អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្ដួចផ្ដើមគំនិតនវានុវត្តន៍ក្នុងវិស័យសាធារណៈជូនដល់មន្ត្រីរាជការក្នុងខេត្តកំពង់ធំកាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៥ដោយមានការអញ្ជើញចូលរួមពីលោកលី វេតអភិបាលរកខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តនិងអភិបាលរងក្រុង ស្រុកទាំង៩។

វគ្គបណ្ដុះបណ្ដាលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នៅសាលាខេត្តកំពង់ធំដែលមានសិក្ខាកាមចំនួន៦០នាក់មកពីរដ្ឋបាលក្រុង ស្រុកមន្ទីរអង្គភាពក្នុងខេត្តនិងរដ្ឋបាលខេត្តកំពង់ធំ។

ឯកឧត្តម អៀង គីម អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានបង្ហាញពីគោលបំណងគឺលើកកម្ពស់វប្បធម៌នៃការច្នៃប្រឌិត ការធ្វើទំនើបកម្មអភិបាលកិច្ច ដោយផ្តល់ចំណេះដឹងប្រកបដោយការច្នៃប្រឌិតសំដៅលើការអភិវឌ្ឍដំណោះស្រាយគំនិតថ្មីៗ ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតភាពការងារនិងប្រសិទ្ធភាពនៃស្ថាប័នសាធារណៈជូនមន្ត្រីរាជការ នៃខេត្តកំពង់ធំ សំដៅរួមចំណែកដោយផ្ទាល់ក្នុងការផ្តួចផ្តើមគំនិតនវានុវត្តន៍ដោយផ្តោតលើការសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

គោលបំណងចម្បងចំនួនបីគឺ៖ទំនើបកម្មស្ថាប័ននិងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ,ពង្រីកកិច្ចសហប្រតិបត្តិការ,ការកសាងសមត្ថភាពក្នុងអភិបាលកិច្ច និងនវានុវត្តន៍។

ឯកឧត្តម ដៀប ពីរី បានថ្លែងថាការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំក្នុងការបង្កើតនិងអនុវត្តគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពក្នុងការបម្រើសេវាសាធារណៈ ក្នុងរយៈពេលនៃវគ្គបណ្តុះបណ្តាលសិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹង និងបទពិសោធន៍សំខាន់ៗគឺ ការយល់ដឹងស៊ីជម្រៅអំពីគោលគំនិតនវានុវត្តន៍:។សិក្ខាកាមបានសិក្សាអំពីនិយមន័យ ប្រភេទនិងសារៈសំខាន់នៃនវានុវត្តន៍ក្នុងបរិបទវិស័យសាធារណៈ។ វិធីសាស្ត្រនិងបច្ចេកទេសផ្តួចផ្តើមគំនិត: ថ្នាក់ដឹកនាំបានរៀនពីរបៀបកំណត់បញ្ហា វិភាគតម្រូវការនិងបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ តាមរយៈការអនុវត្តជាក់ស្តែងនឹងការសិក្សា។ ការគ្រប់គ្រងគម្រោងនវានុវត្តន៍: បានបង្រៀនពីការរៀបចំផែនការ ការអនុវត្ត ការតាមដាន និងការវាយតម្លៃគម្រោងនវានុវត្តន៍ ដើម្បីធានាបាននូវភាពជោគជ័យនិងនិរន្តរភាព ការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំសម្រាប់នវានុវត្តន៍។សិក្ខាកាមត្រូវបានបណ្តុះបណ្តាលពីរបៀបបង្កើតបរិយាកាសអំណោយផលដល់ការច្នៃប្រឌិតការលើកទឹកចិត្តក្រុមការងារនិងការគ្រប់គ្រងការផ្លាស់ប្តូរ។

ឯកឧត្តម ដៀប ពីរីបានបញ្ជាក់ទៀតថាលទ្ធផលដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះគឺកម្រិតនៃការយល់ដឹងនិងសមត្ថភាព តាមរយៈការវាយតម្លៃបន្ទាប់ពីបញ្ចប់មុខវិជ្ជានីមួយៗនៃវគ្គបណ្តុះបណ្តាល ក៏ដូចជាការចូលរួមសកម្មភាពជាក់ស្តែង។ សិក្ខាកាមភាគច្រើនបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នូវចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងការផ្តួចផ្តើមគំនិតនវានុវត្តន៍។ គម្រោងនវានុវត្តន៍សក្តានុពល សិក្ខាកាមមួយចំនួនបានបង្កើតគំនិតផ្តួចផ្តើមនវានុវត្តន៍បឋម ដែលអាចយកទៅអនុវត្តបាននៅក្នុងស្ថាប័នរៀងៗខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈម និងកែលម្អសេវាសាធារណៈ។ បណ្តាញទំនាក់ទំនង:វគ្គបណ្តុះបណ្តាលនេះក៏បានផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំបង្កើតបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដែលជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការអភិវឌ្ឍនវានុវត្តន៍នាពេលអនាគត៕
ដោយ៖ ស៊ុម វណ្ណា





