គ.ជ.ប អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អញ្ជើញទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥--គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលមានបិទផ្សាយនៅតាមឃុំ សង្កាត់ ឬតាមអាសយដ្ឋានវេប ឬតាមកម្មវិធីទូរសព្ទឆ្លាតរាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។ ប្រសិនបើរកឃើញថាមានកំហុសឆ្គងសូមរួសរាន់ដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាឃុំ សង្កាត់ នៃឃុំ សង្កាត់ដែលបងប្អូនបានចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឯកឧត្ដម យិច សមិទ្ធិ សមាជិក គ.ជ.ប បានបញ្ជាក់ថា ផ្អែកតាមលទ្ធផលបណ្តោះអាសន្ន ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះមានចំនួន ១០ ១៦២ ២១០ (ដប់លានមួយរយហុកសិបពីរពាន់ពីររយដប់) នាក់ស្មើនឹង ៩០,៥០ ភាគរយ ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើងទៅ ក្នុងនោះស្រ្តីមានចំនួន ៥ ៣៩៣ ២៩៩ (ប្រាំលានបីរយកៅសិបបីពាន់ពីររយកៅសិបប្រាំបួន) នាក់។

សូមជម្រាបជូនថា អ្នកចុះឈ្មោះបោះឆ្នោតថ្មីសរុបចំនួន ២២៣ ៩០៦ (ពីររយម្ភៃបីពាន់ប្រាំបួនរយប្រាំមួយ) នាក់ អ្នកកែតម្រូវទិន្នន័យជីវប្រវត្តិសរុបចំនួន ១ ៣៤០ ៨៨៧ (មួយលានបីរយសែសិបពាន់ប្រាំបីរយប៉ែតសិបប្រាំពីរ) នាក់ អ្នកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រសរុបចំនួន ២ ៥៦២ ៤៨៧ (ពីរលានប្រាំរយហុកសិបពីរពាន់បួនរយប៉ែតសិបប្រាំពីរ) នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៤ ២៣៥ (ម្ភៃបួនពាន់ពីររយសាមសិបប្រាំ) ការិយាល័យ។ ដោយឡែក អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប ១៦៣ ០៣៤ (មួយរយហុកសិបបីពាន់សាបសិបបួន)នាក់៕

ដោយ៖ ជឹម ណារី





