វេទិកាពិភាក្សាជាមួយយុវជនខេត្តកំពង់ឆ្នាំងប្តេជ្ញាបន្តធ្វើការងារសង្គម
AKP កំពង់ឆ្នាំង ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជន និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងវេទិកា ពិភាក្សាជាមួយយុវជនខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានយុវជន ឯកឧត្តម លោកជំទាវ អនុប្រធានថ្នាក់កណ្តាល ថ្នាក់ដឹកនាំយុវជនថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានមានប្រសាសន៍ថា យុវជនសកម្ម ដោយផ្តល់នូវក្តីសង្ឃឹម និងកាលានុវត្តភាព តាមរយៈការប្រែក្លាយសុបិនយុវជនឱ្យក្លាយជាការពិតដូចជាការប្រគល់តួនាទីសំខាន់ៗដល់យុវជនដែលមានស្នាដៃជាដើម ការងារអភិវឌ្ឍយុវជន ជ័យជំនៈក្នុងការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា គឺបន្តអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខឿនសន្តិភាពឱ្យកាន់តែរឹងមាំ និងថែរក្សាស្ថិរភាពនយោបាយជូនជាតិមាតុភូមិ ចៀសផុតពីសង្រ្គាម។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានបន្តថា យុវជនគ្រប់បណ្តាថ្នាក់ត្រូវបន្តក្តាប់ជាប់សភាពការណ៍សតិអារម្មណ៍ក្នុងស្រទាប់មហាជន ព្រមទាំងអបរំប្រជាជនឱ្យយល់ជ្រួតជ្រាបអំពីសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធានារាល់ការអនុវត្តភារកិច្ចនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ហើយត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងពន្យល់ដល់ប្រជាជន មហាជនឱ្យយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែង ក្នុងការការពារអាយុជីវិតប្រជាជន និងការពារទឹកដី។ រួមកម្លាំងសាមគ្គីជាតិជាឆ្លុងមួយ ការពារសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរ ឱ្យស្ថិតស្ថេរ រឹងមាំ និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ហើយត្រូវបំផុសជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និង សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ពហិការចំពោះការប្រើប្រាស់ទំនិញថៃ និងលើកទឹកចិត្តការប្រើប្រាស់ផលិតក្នុងស្រុក។

ថ្លែងក្នុងបរិបទនេះ ឯកឧត្តមបណ្ឌិតអនុប្រធានយុវជនបានជំរុញដល់យុវជននៅមូលដ្ឋាន ការបង្ខិតសេវាឱ្យចូលកៀកទៅជិតប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រសម្រាប់ប្រទេសយើង។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យុវជនគឺបន្តអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខឿនសន្តិភាពឱ្យកាន់តែរឹងមាំ និងថែរក្សាស្ថិរភាពនយោបាយជូនជាតិមាតុភូមិ ចៀសផុតពីសង្រ្គាម និងទទួលមកវិញអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕

ដោយ បៃ ស៊ីថុន





