សេចក្តីបំភ្លឺពាក់ព័ន្ធនឹងការនាំចូលទុរេនពីប្រទេសថៃរបស់សាខា ក.ប.ប ខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦--មន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបង និងសាខាក.ប.ប. នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ សូមជម្រាបជូនសាធារណជនថា ថ្មីៗនេះ មានការបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម (Facebook, Telegram) ដែលបានលើកឡើងថា មានការនាំចូលទុរេនពីប្រទេសថៃ ចូលមកលក់នៅផ្សារភូពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីបានទទួលព័ត៌មាននេះ សាខាក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ចុះត្រួតពិនិត្យជាក់ស្តែង នាវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ និងព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹក នៅទីតាំងអាជីវករលក់ទុរេន ចំនួន៨ទីតាំង បានសាកសួរពីប្រភពទុរេនដែលនាំចូលមកលក់នៅផ្សារភូពុយ គឺមានប្រភពមកពីបែកអន្លូង ស្ទឹងត្រង់ មេមត់ ខេត្តកំពង់ចាម ផ្សារនាគមាស ផ្សារដើមគរថ្មី រាជធានីភ្នំពេញ និងបានបញ្ជាទិញទុរេនតាមរយៈទូរស័ព្ទ ប្រព័ន្ធទំនាក់ទំនងសង្គម (Facebook, Telegram) ដោយពុំមានវិក្កយបត្រទិញ-លក់ ហើយក៏អត់មានទិញពីឈ្មួញ ឬអ្នកនាំចូល ទុរេនពីថៃនោះទេ។ មន្ត្រីយើងបានឃ្លេចសួរដោយថែមទាំងជំរុញសតិអារម្មណ៍ ស្មារតីស្រឡាញ់ជាតិទៀតផង។

មន្ត្រីជំនាញសាខាក.ប.ប.ខេត្តបាត់ដំបង បានធ្វើការណែនាំដល់អាជីវកររាល់ការទិញ-លក់ ត្រូវមានវិក្កយបត្រត្រឹមត្រូវ និងប្រភពច្បាស់លាស់ ព្រមទាំងបានយកសំណាកគំរូបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គ នាយកដ្ឋានក.ប.ប. ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់។
អាស្រ័យហេតុនេះសូមសាធារណជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





