មន្រ្តីអាជ្ញាធរទន្លេសាបចុះសិក្សាស្រាវជ្រាវពីធនធានរ៉ែ និងផលប៉ះពាល់ពីការទាញយកធនធានរ៉ែ នៅតំបន់ទីជម្រាលអាងទន្លេសាប ស្ថិតក្នុងស្ទឹងពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥-- លោក ខូវ វេងសុង ប្រធានការិយាល័យធនធានរ៉ែនៃនាយកដ្ឋានធនធានធម្មជាតិនៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារការិយាល័យ បន្តចុះសិក្សាស្រាវជ្រាវពីធនធានរ៉ែ និងផលប៉ះពាល់ពីការទាញយកធនធានរ៉ែ នៅតំបន់ទីជម្រាលអាងទន្លេសាប ស្ថិតនៅអាងស្ទឹងពោធិ៍សាត់ ក្នុងភូមិសាស្រ្តស្រុកកណ្តៀង ក្រុងពោធិ៍សាត់ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលការចុះធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

ការចុះសិក្សានេះក្រុមការងារបានជួបជាមួយមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ ដើម្បីសហការស្នើសុំព័ត៌មាន ទិន្នន័យ ទីតាំងទាញយកធនធានរ៉ែ និងការប្រកបអាជីវកម្មធនធានរ៉ែក្នុងអាងស្ទឹងពោធិ៍សាត់។ ជួបជាមួយអាជ្ញាធរដែនដី និងម្ចាស់បូមខ្សាច់ នៅតាមទីតាំងចុះសិក្សា ដើម្បីទទួលបានព័ត៌មាន ទិន្នន័យទូទៅ ការធ្វើអាជីវកម្មធនធានរ៉ែ និងបញ្ហាផ្សេងៗ ដែលកើតមានឡើងនៅតាមទីតាំងសិក្សា។ ចុះពិនិត្យជាក់ស្តែង និងវាយតម្លៃពីទំហំ បរិមាណពីការទាញយកធនធានរ៉ែ និងវាយតម្លៃលើស្ថានភាពផលប៉ះពាល់ការបាក់ច្រាំងស្ទឹង និងការប្រែប្រួលរូបរាងស្ទឹង និងការប្រើប្រាស់ដ្រូនជាជំនួយថតរូបពីលើអាកាសបន្ថែមលើទីតាំងចុះសិក្សាជាក់ស្តែង។

សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវពីធនធានរ៉ែ និងផលប៉ះពាល់ពីការទាញយកធនធានរ៉ែ នៅតំបន់ទីជម្រាលអាងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះ មានគោលបំណ សិក្សាវាយតម្លៃផលប៉ះពាល់ពីការទាញយក និងធ្វើអាជីវកម្មធនធានរ៉ែ។ សិក្សាវាយតម្លៃលើភាពប្រែប្រួលរូបរាងស្ទឹង និងតំបន់ពាក់ព័ន្ធ និងរៀបចំផែនទីទីតាំងសក្តានុពលធនធានរ៉ែ និងការទាញយកធនធានរ៉ែ នៅតាមអាងស្ទឹងក្នុងតំបន់ទន្លេសាប៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





