អាជ្ញាធរខេត្តកំពង់ឆ្នាំងទទួលអំណោយស្បៀងបម្រុងពីសប្បុរសជន
AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយ (ស្បៀងបម្រុង) ពីក្រុមហ៊ុន ឡុងបាង អ៊ិនធើណេសិនណល ខនស្ត្រាក់សិន សម្រាប់ឧបត្ថម្ភកងទ័ពការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សប្បុរសជនដឹកនាំដោយអគ្គនាយកក្រុមហ៊ុន លោក សូវ ហ្គ័រសៀន (SHOU GUOXIAN) នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការសាខាកាកក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនគ្រប់ស្រទាប់វណ្ណៈ និងក្រុមការងារដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កងទ័ពការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំងផងដែរ។ កន្លងមកគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ធ្លាប់មានការបាត់បង់នូវទ្រព្យសម្បត្តិក៏ដូចជាការខូចខាតផ្ទះសម្បែង ដែលបង្កឡើងដោយគ្រោះមហន្តរាយ ហើយគ្រោះមហន្តរាយនេះ តែងតែកើតមានឡើងនៅគ្រប់ទីកន្លែង ដោយគ្មាននរណាម្នាក់ចង់ជួបនោះទេ។ ដូច្នេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្ដល់ព័ត៌មានដល់មូលដ្ឋានផ្ទាល់ សូមឱ្យបងប្អូននៅពេលដែលមានភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ សូមរកទីជម្រកណាមួយដែលមានសុវត្ថិភាព ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។

ទន្ទឺមនឹងនេះ ឯកឧត្តមបានក្រើនរម្លឹកដល់កងទ័ពជួរមុខ ក្រុមការងារ រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការការពារខ្លួន ចៀសឱ្យផុតពីការឆ្លងជំងឺដង្កាត់ផ្សេងៗ។ សូមរៀនរស់ក្នុងបរិបទថ្មី និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ពិសេសការលាងសម្អាតដៃជាប្រចាំ ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដើម្បីសេចក្ដីសុខ និងសុវត្ថិភាពរបស់បងប្អូន។

ក្នុងបរិបទនេះ ឯកឧត្តមអភិបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកអគ្គនាយក គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ដែលបានផ្ដល់អំណោយ រួមមាន អង្ករ១០តោន ត្រីខ៤០កេស មី២០០កេស និងទឹកសុទ្ធ២០០កេស ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ឧបត្ថម្ភកងទ័ពការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕
ដោយ បៃ ស៊ីថុន





