សម្ដេចតេជោ ហ៊ុន សែន៖ បើថៃចោទកម្ពុជាថា រំលោភបំពានខ្លួន ហេតុអ្វីបានថៃខ្វះសេចក្ដីក្លាហានប្ដឹងកម្ពុជាទៅកាន់តុលាការ ?
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការងឿងឆ្ងល់ជុំវិញបញ្ហាថៃខ្លាចរអាប្រព័ន្ធច្បាប់អន្តរជាតិ ខណៈខ្លួនចោទកម្ពុជាពេញៗមាត់ថា រំលោភអធិបតេយ្យភាពថៃ តែមិនព្រមប្ដឹងកម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ។

ចម្ងល់នេះត្រូវបាន សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ សម្តេចតេជោ បានថ្លែងថា កម្ពុជានៅតែបន្តដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីផងនិងតាមរយៈយន្តការផ្លូវតុលាការផង។ តាមផ្លូវតុលាការ កម្ពុជាជ្រើសយក៤ចំណុចគឺ តំបន់មុំបី នៅក្នុងក្របខណ្ឌព្រំដែនកម្ពុជា ឡាវ ថៃដែលងាយផ្ទុះសង្រ្គាម តំបន់ប្រាសាទតាមាន់តូច តំបន់ប្រាសាទតាមាន់ធំ និងតំបន់ប្រាសាទតាក្របី។
កម្ពុជា-ថៃមានព្រំដែនជាប់គ្នាប្រមាណ៨៥០គីឡូម៉ែត្រ សម្រាប់តំបន់៤ចំណុចខាងលើប្រមាណ៥០គីឡូម៉ែត្រ កម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ចំណែក៨០០គីឡូម៉ែត្រទៀត នឹងត្រូវដោះស្រាយតាមយន្តការទ្វេភាគីជាមួយភាគីថៃ។

ខណៈកម្ពុជា-ថៃកំពុងមានជម្លោះជាមួយគ្នានាពេលនេះ ថៃបានចោទកម្ពុជាដោយគ្មានមូលដ្ឋានថា បានរំលោភបំពានទឹកដីរបស់ខ្លួន។ ឆ្លើយតបនឹងភាពចម្រូងចម្រាសនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ជាចម្ងល់ថា«វាមិនគួរខ្លាចទេ អារឿងបញ្ហាតុលាការនោះ បើសិនជាភាគីទាំងសង្ខាង ឃើញថា មានភាពអយុត្តិធម៌ ខ្ញុំចង់ឆ្ងល់ថា ថៃចោទកម្ពុជារំលោភទៅលើថៃ តែហេតុអី បានថៃខ្វះសេចក្ដីក្លាហានប្ដឹងកម្ពុជាទៅកាន់តុលាការ ខ្ញុំសុំចោទសួរទៅអ្នកទីក្រុងបាងកក អ្នកចោទប្រទេសកម្ពុជាថា ជាប្រទេសជាអ្នករំលោភលើអធិបតេយ្យថៃ ប៉ុន្តែហេតុអ្វីអ្នកមិនប្ដឹងកម្ពុជាទៅតុលាការអន្តរជាតិ ខ្ញុំសុំសួរអ្នក ហើយហេតុអ្វី បានជាអ្នកមិនព្រមឡើងតុលាការជាមួយកម្ពុជា សុំប្រជាជនថៃ សុំប្រជាជនកម្ពុជា ក៏សុំមិត្តភក្តិនៅក្នុងពិភពលោក ពិចារណាអំពីបញ្ហានេះ ឱ្យបានដិតដល់ហេតុអ្វីបានខ្លាចតុលាការ ហើយបើថាកម្ពុជា ជាអ្នករំលោភម៉េចក៏មិនប្ដឹងទៅតុលាការ»៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី





