ឯកឧត្តម ហ៊ែល តូនី អញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី៤១ សហគមន៍អន្តរជាតិសម្រាប់វិស្វកម្ម ការស្រាវជ្រាវអំពីទឹក និងបរិស្ថាន នៅប្រទេសសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥-- តបតាមការអញ្ជើញរបស់សហគមន៍អន្តរជាតិសម្រាប់វិស្វកម្មទឹក និងបរិស្ថាន និងទទួលការឧបត្ថម្ភគាំទ្រពីគម្រោងកិច្ចសហប្រតិបត្តិការ ធនាគារពិភពលោក ឯកឧត្តម ហ៊ែល តូនី អនុប្រធានអចិន្ត្រៃយ៍អាជ្ញាធរ និងលោកបណ្ឌិត អ៊ុក សុវណ្ណារ៉ា ជំនួយការអចិន្ត្រៃយ៍ បានអញ្ជើញទៅចូលរួមសន្និសីទពិភពលោកលើកទី៤១ នៃសហគមន៍អន្តរជាតិសម្រាប់វិស្វកម្ម និងការស្រាវជ្រាវអំពីទឹក និងបរិស្ថាន ស្ថិតក្រោមប្រធានបទ “នវានុវត្តន៍នៃវិស្វកម្មទឹកសម្រាប់អភិវឌ្ឍន៍ប្រកបដោយចីរភាព” នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២៥។

គោលបំណងសំខាន់នៃសន្និសិទពិភពលោកលើកទី៤១ នេះ គឺសំដៅលើកកម្ពស់ការសន្ទនាអន្តរវិស័យ ផ្លាស់ប្តូរចំណេះដឹងឈានមុខ និងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាប្រឈមទាក់ទងនឹងបញ្ហាប្រឈមសាកលពាក់ព័ន្ធនឹងវិស័យទឹក ដើម្បីចូលរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព Sustainable Development Goals (SDGs) ទាំងបរិស្ថានក្នុងតំបន់ជនបទ និងតំបន់ទីប្រជុំជន ឆ្ពោះទៅកាន់ការកសាងសង្គមប្រកបដោយភាពធន់ សម្រាប់ធានាសុខុមាលភាពមនុស្សទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

សូមជម្រាបផងដែរថា អាជ្ញាធរទន្លេសាបត្រូវបានទទួលឱ្យចូលជាសមាជិកសំខាន់មួយរបស់សហគមន៍អន្តរជាតិសម្រាប់វិស្វកម្មទឹក និងបរិស្ថាន International Association for Hydro-Environment Engineering and Research (IAHR) នៅក្នុងឆ្នាំ ២០២៥។

នាឱកាសអញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី៤១ នេះ ឯកឧត្តម ហ៊ែល តូនី អនុប្រធានអចិន្ត្រៃយ៍អាជ្ញាធរទន្លេសាប ក៏បានជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យបណ្ឌិត ហ្វីលីប ហ្គូបេស្វីល (Prof. Dr. Philippe Gourbesville) នាយកសហគមន៍អន្តរជាតិសម្រាប់វិស្វកម្មទឹក និងបរិស្ថាន (IAHR) និងជាសហប្រធាននៃសន្និសិទពិភពលោកលើកទី៤១ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរទន្លេសាប និងសហគមន៍អន្តរជាតិសម្រាប់វិស្វកម្ម និងការស្រាវជ្រាវ អំពីទឹក និងបរិស្ថាន ការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេស និងការគាំទ្រនានាពីសហគមន៍អន្តរជាតិសម្រាប់វិស្វកម្ម និងការស្រាវជ្រាវ អំពីទឹក និងបរិស្ថានមកដល់អាជ្ញាធរទន្លេសាប ក៏ដូចជាការគ្រប់គ្រង និងថែរក្សាបឹងទន្លេសាបផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





