លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អនុញ្ញាតឱ្យតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥-- លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមុនពេលលោកស្រីបញ្ចប់បេសកកម្មនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនោះ លោកជំទាវរដ្ឋមន្រ្តីបានកោតសរសើរចំពោះកិច្ចសហការដ៏ល្អរបស់ UNDP កន្លងមកជាមួយក្រសួងកិច្ចការនារី ចាប់តាំងពីឆ្នាំ២០០២ ក្នុងភាពជាដៃគូលើការងារលើកកម្ពស់ឯកទេសស្ថាប័ន ក្នុងការបញ្ជ្រាបយេនឌ័រ។ កិច្ចពិភាក្សាក៏បានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការរវាង UNDP និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងកិច្ចការនារី ក្នុងការងារបញ្ជ្រាបយេនឌ័រ ការពន្លឿនការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការ សហប្រជាជាតិ ការពង្រឹងសមត្ថភាពធន់របស់ស្រ្តី និងក្មេងស្រី ក្នុងការឆ្លើយតបនឹងការប្រែប្រួលវិវត្តន៍ថ្មីៗរបស់សកល រួមទាំងការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាដើម។

ជាមួយគ្នានេះដែរ លោកស្រី Alissar Chaker បានលើកឡើងថា UNDP ទទួលបាននូវកិច្ចសហការ និងភាពជាដៃគូល្អជាមួយក្រសួង កិច្ចការនារី ក្នុងការចូលរួមចំណែកអនុវត្តកិច្ចការអាទិភាពរបស់ក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា មិនចំពោះតែកិច្ចការគម្រោងផ្ទាល់ជាមួយក្រសួង ប៉ុន្តែជាមួយគម្រោងតាមវិស័យផ្សេងៗទៀតផងដែរ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





