មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានកោតសរសើរការរៀបចំធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយរបស់មន្ទីរព័ត៌មានខេត្តកែប
AKP កែប ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥-- រយៈពេលមួយឆ្នាំហើយដែលបណ្តាមន្ទីរព័ត៌មាននៅទូទាំងប្រទេស ត្រូវបានបណ្តាក់វេនរៀបចំធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ទៅតាមខែនីមួយៗ ដោយឡែកសម្រាប់ខេត្តកែប ជាសប្តាហ៍ទី៤ហើយ ដែលមន្ទីរព័ត៌មានខេត្តកែប កំពុងធ្វើយុទ្ធនាការនេះ។ យ៉ាងណាឆ្លងកាត់រយៈពេល៣សប្តាហ៍កន្លងទៅ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ និងកោតសរសើរមន្ទីរព័ត៌មានខេត្តកែប ចំពោះការរៀបចំអនុវត្តន៍នូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ "។

នេះជាការលើកឡើងរបស់ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តរបស់ មន្ទីរព័ត៌មានខេត្តកែប នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។


លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានលើកឡើងថា បន្ទាប់ពីធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ទ្រង់ទ្រាយធំមួយនៅសាលាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មន្ទីរបានបន្តចុះធ្វើយុទ្ធនាការនេះ នៅតាមរដ្ឋបាលក្រុង ស្រុក សាលារៀន សាលាឃុំ សង្កាត់ តាមផ្សារ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ហើយជំហានបន្តយុទ្ធនាការនេះនឹងបន្តធ្វើនៅតាមតំបន់ទេសចរណ៍កម្សាន្តសំខាន់ៗនៅទូទាំងខេត្តកែប ក្នុងបំណងកាត់បន្ថយជាអតិបរមានូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជាទាំងមូល។
ឯកឧត្តម សោម កុសល បានលើកឡើងថា មន្ទីរព័ត៌មានខេត្តកែបឆ្លើយតបបានយ៉ាងល្អ ជាមួយការដាក់ចេញនូវផែនការបស់ក្រសួងព័ត៌មាន ក្នុងការចុះធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងទិសស្លោក “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ឱ្យជ្រាបដល់មូលដ្ឋានប្រជាពលរដ្ឋ ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្រ្តីនៃមន្ទីរទាំងអស់។

ជាមួយការកោតសរសើរ ឯកឧត្តមបានណែនាំដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តកែបទាំងអស់ បន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តប្រឹងប្រែងបំពេញការងារបន្ថែមទៀតក្នុងនាមជាសេនាធិការអោយរដ្ឋបាលខេត្តកែប ក្នុងការរំលេចស្នាដៃនៃការខិតខំអភិវឌ្ឍរបស់ខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងខិតខំដុសខាត់នូវចំណេះដឹងថ្មីៗដើម្បីដើរឱ្យទាន់បរិបទបច្ចេកវិទ្យា ក្នុងការត្រៀមឆ្លើយតបគ្រប់វិធីប្រកបដោយសកម្ម បុរេសកម្ម៕
ដោយ ប្រាក់ លាង





