សម្តេចតេជោ ហ៊ុន សែន៖ ទោះបីជាខ្ញុំមិនបំពេញភារកិច្ចជានាយករដ្ឋមន្ត្រីទៀតក៏ដោយ ក៏ប៉ុន្តែ ខ្ញុំនៅតែមានការទទួលខុសត្រូវក្នុងឋានៈជាមេដឹកនាំកម្ពុជាម្នាក់ និងក្នុងឋានៈជាពលរដ្ឋកម្ពុជាម្នាក់
AKP ព្រះវិហារ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥--
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ទោះបីជាសម្តេចមិនបំពេញភារកិច្ចជានាយករដ្ឋមន្ត្រីទៀតក៏ដោយ ក៏ប៉ុន្តែសម្តេចនៅតែមានការទទួលខុសត្រូវក្នុងឋានៈជាមេដឹកនាំកម្ពុជាម្នាក់ និងក្នុងឋានៈជាពលរដ្ឋកម្ពុជាម្នាក់ ចំពោះវត្តមានរបស់សម្តេចនៅខេត្តជាប់ព្រំដែនដែលកំពុងមានជម្លោះ គឺពិតជាធ្វើឱ្យនឹកឃើញនូវអ្វីដែលហៅថាសន្តិភាព អ្វីទៅដែលហៅថាសង្គ្រាម។ សម្ដេចតេជោបានលើកឡើងថា ដោយថ្ងៃនេះ សម្តេចពិតជាអាណោចអាធ័មនឹកឃើញទៅដល់រឿងរ៉ាវកាលពីអតីតកាលដ៏ជូរចត់របស់យើង ប៉ុន្តែក៏មិននឹកស្មានថាអតីតកាលរបស់យើងដែលប្រកបដោយការឈឺចាប់នោះវាបានវិលត្រឡប់មកវិញ តារយៈនៃការឈ្លានពានពីអ្នកខាងរបស់យើង ដែលយើងគ្មានអ្វីក្រៅតែពីការប៉ងប្រាថ្នាធ្វើជាមិត្តភាព និងធ្វើជាអ្នកជិតខាងល្អនោះទេ។ ការលើកឡើងរបស់សម្តេចតេជោយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព នៅវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នេះហើយគឺជាទង្វើដែលយើងសូមឱ្យអន្តរជាតិត្រូវមើលឱ្យឃើញថាតើប្រទេសកម្ពុជា ឬក៏ថៃ នរណាជាអ្នកឈ្លានពាននរណា? តើថៃ មានបានជម្លៀសប្រជាជនរបស់ខ្លួនចេញពីព្រំដែនដែរទេ? តើថៃមានជនភៀសសឹកដោយសារតែកម្ពុជា ឈ្លានពានដែរទេ? នៅទីនេះគឺជាសាក្សីរស់សម្រាប់បង្ហាញទៅកាន់ពិភពលោកថាកម្ពុជាគឺជាប្រទេសរងគ្រោះដោយសារការឈ្លានពានរបស់កងទ័ពថៃ នោះទើបនាំដល់ការមានជនភៀសសឹក ដែលវាជារឿងអកុសល។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «យើងសូមឱ្យបរទេសទាំងឡាយដែលប្រកាន់សច្ចធម៌ និងសន្តិភាពនិយម សូមមើលឃើញឱ្យបានច្បាស់នូវទុក្ខសោកដែលប្រជាជនកម្ពុជាកំពុងតែរងគ្រោះដោយសារការឈ្លានពានរបស់ កងទ័ពថៃ»។
សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥បានបញ្ជាក់ផងដែរថា កម្ពុជាប្រាថ្នាធ្វើជាមិត្ត ប៉ុន្តែតែគេបែរជាចិញ្ចឹមចិត្តម្តងហើយម្តងទៀតក្នុងការដណ្តើមទឹកដីរបស់យើង ហើយឆ្នាំ២០០៨ តទល់គ្នាខាងផ្លូវយោធារហូតដល់ឆ្នាំ២០១១ និងតទល់គ្នាតាមផ្លូវច្បាប់រហូតដល់ឆ្នាំ២០១៣ ដោយសម្តេចនឹកស្មានថាបញ្ហាមួយនេះវាត្រូវបានបញ្ចប់តាមរយៈក្តីក្តាំនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ តាមរយៈការបកស្រាយសាលក្រមតុលាការនោះរួចស្រេចទៅហើយ។ សម្ដេចតេជោបានអះអាងថា៖ «ក្នុងរយៈពេលជិត១០ឆ្នាំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ និងឆ្នាំ២០២៥នេះយើងពុំមានរឿងអ្វីកើតឡើងនោះទេ ដែលពេលនោះខ្លួនខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ខ្ញុំបានធ្វើការយ៉ាងល្អជាមួយ ប្រាយុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្ត្រីថៃ គឺគ្មានរឿងអ្វីកើតឡើងទេ ហើយបន្ទាប់ទៅយើងបានធ្វើការជាមួយនាយករដ្ឋមន្ត្រីថៃបន្ទាប់ៗទៀត ក៏គ្មានរឿងអ្វីកើតឡើងនោះដែរ។ ក៏ប៉ុន្តែជាអកុសលនាយករដ្ឋមន្ត្រីថ្មីដែលបានកើតឡើងនៅប៉ុន្មានខែមុននេះបែរជាកើតមានរឿងដ៏អកុសលនៅទីនេះ ហើយនៅថ្ងៃស្អែកខ្ញុំនឹងនិយាយទៅកាន់ពលរដ្ឋកម្ពុជា ក៏ដូចជានិយាយទៅកាន់ប្រជាជនថៃអំពីរឿងរ៉ាវមួយនេះ តើប្រវត្តិនៃទំនាក់ទំនងឡើងចុះរវាងកម្ពុជា និងថៃវាបែបណា ដែលខ្ញុំនឹងផ្សាយផ្ទាល់ដើម្បីជាសារជូនទៅកាន់ប្រជាជនកម្ពុជានិងប្រជាជនថៃដែលភាគច្រើនលើសលប់ក៏ពួកគេស្រឡាញ់សន្តិភាពដូចជាយើងដែរ។»
ជាមួយគ្នានេះដែរ សម្តេចតេជោប្រធានព្រឹទ្ធសភាក៏បានបញ្ជាក់បន្ថែមថា គ្រួសារមួយដែលសម្តេចបានជួយចំពោះពួកគេ ពេលឡើងធ្វើជានាយករដ្ឋមន្ត្រីបែរជាបង្កើតឡើងនូរវរឿងបែបនេះ ដែលសូម្បីតែខ្លួនអះអាងថាម្តងមានអំណាច ម្តងថាអត់អំណាច ដែលថ្ងៃស្អែកសម្តេចនឹងនិយាយរឿងនេះ៕
ដោយ៖ ចាន់ សុភឿន





