ឯកឧត្ដម អ៊ុ រាត្រី៖ ពួកយើងត្រៀមខ្លួនរួចជាស្រេចដើម្បីសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកមាតុភូមិវិញ
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា «ពួកយើងត្រៀមខ្លួនរួចជាស្រេចដើម្បីសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកមាតុភូមិវិញ»។ ការថ្លែងនេះបានធ្វើឡើងខណៈឯកឧត្ដមបានចុះទៅត្រួតពិនិត្យផ្ទាល់ និងរង់ចាំទទួលពលករ និងអាជីវករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។


ការបើកច្រកបណ្ដោះអាសន្នទទួលពលរដ្ឋនៃប្រទេសទាំងពីរ អាជ្ញាធរកម្ពុជា-ថៃ នៅព្រឹកថ្ងៃនេះ បានសម្រេចអនុញ្ញាតឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលនៅសេសសល់ អាចធ្វើដំណើរត្រឡប់ចូលប្រទេសរៀងខ្លួនវិញនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ សេចក្ដីរាយការណ៍ពីតំបន់ព្រំដែនបានឱ្យដឹងថា ក្រុមយោធាថៃបានអនុញ្ញាតឱ្យពលករ និងអាជីវករខ្មែរដែលស្ថិតនៅផ្សាររ៉ុងក្លឿ ចេញពីប្រទេសថៃ ហើយអាជ្ញាធរកម្ពុជាក៏បានទទួលប្រជាពលរដ្ឋទាំងនោះឱ្យវិលត្រឡប់ចូលប្រទេសវិញប្រកបដោយភាពរលូន។ ស្របគ្នានេះ សម្រាប់ជនជាតិថៃដែលនៅសេសសល់ក្នុងក្រុងប៉ោយប៉ែត អាជ្ញាធរកម្ពុជាក៏បានអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញផងដែរ។ នេះបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ក្នុងការសម្របសម្រួលដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋក្នុងស្ថានភាពបច្ចុប្បន្ន។


ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅបន្តបិទជាឯកតោភាគី ទោះបីជាមានការសម្របសម្រួលអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ចូលប្រទេសរៀងខ្លួនវិញក៏ដោយ ក៏យោងតាមសេចក្ដីរាយការណ៍មកទល់ពេលនេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុមយោធាថៃនៅតែបន្តសម្រេចបិទជាឯកតោភាគីដដែល ហើយមិនទាន់មានការបើកជាផ្លូវការនៅឡើយទេ។ ការបន្តបិទច្រកទ្វារនេះអាចនឹងបន្តប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្ម និងការធ្វើដំណើរឆ្លងកាត់ព្រំដែនប្រចាំថ្ងៃ ប្រសិនបើមិនមានការបើកឡើងវិញជាផ្លូវការក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណា អាជ្ញាធរកម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្របសម្រួល និងជួយដល់ពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃវិញ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕
ដោយ ឈុន សារ៉ាត





