រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិភាក្សាលើកិច្ចការងារសាធារណៈមតិ
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥-- លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាលើកិច្ចការងារសាធារណៈមតិ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងក្រុង ស្រុក មន្ទីរពាក់ព័ន្ធ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥។

លោក ឡុង ឌីម៉ង់ មានប្រសាសន៍ក្នុងកិច្ចប្រជុំដោយផ្តោតសំខាន់លើការងារគ្រប់គ្រងព័ត៌មានសាធារណៈមតិ ហើយយន្តការនៃការគ្រប់គ្រងព័ត៌មានសាធារណៈមតិ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងកិច្ចសហប្រតិបត្តិការជាមួយយុវជនដែលជាចលនាមហាជននៅតាមក្រុង ស្រុក ឃុំ សង្កាត់ ចូលរួមឱ្យបានផុលផុស ដូច្នេះការចូលរួមរបស់យុវជនក្រុង ស្រុកពិតជាមានសារសំខាន់ណាស់ ព្រោះការងារគ្រប់គ្រងព័ត៌មានសារធារណមតិក្នុងការបន្សាបនូវរាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ដែលមានចរិតជាព័ត៌មានពិត ព័ត៌មានបំភ្លៃ បំភ្លើស ជាសញ្ញាជិះឥទ្ធិពលដល់សាធារណជន។ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារព័ត៌មានសាធារណៈមតិនៅតាមមន្ទីរព័ត៌មានរាជធានី ខេត្ត និងជំរុញទៅដល់ក្រុង ស្រុក និងឃុំ សង្កាត់បន្ថែមទៀត។ ទន្ទឹមនោះយើងត្រូវបណ្តុះបណ្តាលយុវជនរបស់ឱ្យបានយល់ដឹងពីព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ និងធ្វើការបកស្រាយឆ្លើយតប បន្សាបបានទាន់ពេលវេលា។


លោកអភិបាលរងខេត្តបានបន្តថា ការបង្កើតក្រុមព័ត៌មានសាធារណៈមតិទៅដល់ឃុំ សង្កាត់ ជាបេសកកម្មរបស់យើងក្នុងនោះ ១. ការតាមដានស្រាវជ្រាវវិភាគព័ត៌មានតាមបែបសង្គម និងព័ត៌មានតាមបែបបុរាណ ដើម្បីឆ្លើយតប ២. ឆ្លើយតបភា្លមៗ និងការបន្សាបព័ត៌មានបានទាន់ពេលវេលា។ ទន្ទឹមនោះយើងមានទម្រង់ចំនួន៤ផ្សេងទៀត ដូចជា៖ ១. សេចក្តីប្រកាសព័ត៌មាន ២. សេចក្តីថ្លែងការណ៍ ៣. សេចក្តីបំភ្លឺព័ត៌មាន ៤. ការប្រកាសបដិសេដ ព្រោះគោលការណ៍របស់ក្រុមការងារព័ត៌មានសាធារណៈមតិ គឺធ្វើយ៉ាងណាឆ្លើយតបឱ្យបានលឿន រហ័សក្នុងកម្រិតខ្លី ខ្លឹម ដើម្បីឱ្យសាធារណជនបានយល់ដឹងកាន់តែច្បាស់។


ក្នុងឱកាសនោះ លោកអភិបាលរងខេត្តក៏បានស្នើឱ្យក្រុង ស្រុក ចូលរួមដោយបុរេសកម្មលើការវាយបក ទប់ស្កាត់ និងលុបបំបាត់នូវរាល់ព័ត៌មានវាយប្រហា តាមរយ:ការចូលរួមបញ្ចេញមតិបកស្រាយ និងវាយបក ដើម្បីសន្សាបព័ត៌មានបានទាន់ពេលវេលា៕
ដោយ ងូ សុមុនី





