ក្រុមប្រឹក្សាខេត្តព្រះសីហនុបើកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក មីន កុម្ភៈ អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥។

កិច្ចប្រជុំវិសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ មានរបៀបវារៈចំនួន៥ យកមកពិនិត្យ និងពិភាក្សា រួមមាន៖ ១. ប្រសាសន៍បើកកិច្ចប្រជុំ ២. ពិនិត្យកូរ៉ុម ៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំវិសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ៤. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) ខេត្តព្រះសីហនុ។


ទន្ទឹមនឹងនេះ ឯកឧត្តម វង្ស ផាណាត បានធ្វើការវាយតម្លៃចំពោះក្រុង ស្រុកទាំង៦ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ដើម្បីរៀបចំផែនការសកម្មភាពក្នុងការព្រាងផែនការអភិវឌ្ឍនៅតាមក្រុង ស្រុករបស់ខ្លួនរយៈពេល៥ឆ្នាំ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រែក្លាយប្រទេសនៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ដែលទាមទារឱ្យយើងចេះរៀបចំ និងធ្វើផែនការសកម្មភាពអភិវឌ្ឍន៍រយៈពេល ៣ឆ្នាំ ៥ឆ្នាំ ដើម្បីសម្រេចចក្ខុវិស័យយើងត្រូវរួមគ្នាបំពេញការងារឱ្យបានផុលផុស ដើម្បីឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍកាន់តែលឿន ឆាប់ ជាពិសេសជំរុញជាខេត្តទេសចរណ៍តំបន់ឆ្នេរ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទន្ទឹមនោះការបណ្តុះបណ្តាលធនធានមនុស្ស ជាការឆ្លើយតបទៅនឹងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី១ នៃរដ្ឋសភា ដោយផ្តោតសំខាន់ មនុស្ស ផ្លូវ ទឹក ផ្លើង និងបច្ចេកវិទ្យា៕


ដោយ ងូ សុមុនី





