ប្រតិភូនៃទីម័រខាងកើតស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច និងគំរូអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥-- លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបសម្ដែងការគួរសមជាមួយប្រតិភូក្រុមអនាគតជាអ្នកដឹកនាំរបស់អាស៊ាន Futuru Lider Ba ASEAN (FLBA) ដឹកនាំដោយលោក អ៊ីស៊ីគែល ហ្វ័ររេរ៉ា (Ezequiel Ferreira) ដែលអញ្ជើញមកពី "សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត" ក្នុងគោលបំណងស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច ជាពិសេសគំរូអភិវឌ្ឍរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជាការត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ានខាងមុខ។
លោក អ៊ីស៊ីគែល ហ្វ័ររេរ៉ា (Ezequiel Ferreira) ប្រធានកម្មវិធី FLBA បានជម្រាបថា FLBA គឺជាគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តដែលបានផ្តល់ការគាំទ្រដោយរដ្ឋាភិបាលទីម័រខាងកើត ដើម្បីរៀបចំអ្នកដឹកនាំជំនាន់ក្រោយរបស់ប្រទេសសម្រាប់សមាហរណកម្មរយៈពេលវែងទៅក្នុងអាស៊ាន។ កម្មវិធីនេះត្រូវបានដឹកនាំដោយអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ាន ក្នុងគោលបំណងរៀបចំអ្នកដឹកនាំជំនាន់ក្រោយមកពីគ្រប់វិស័យនៃប្រទេសទីម័រ ដើម្បីទទួលខុសត្រូវចំពោះការអភិវឌ្ឍជាតិរយៈពេលវែងរបស់ប្រទេសទីម័រខាងកើតនៅក្នុងតំបន់អាស៊ាន។


លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលស្វាគមន៍ប្រតិភូ FLBA និងបានជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ ការអភិវឌ្ឍសេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិឧ្សាហកម្ម សំណង់ អចលនទ្រព្យ និងកំពង់ផែសមុទ្រទឹកជ្រៅ។ ខេត្តព្រះសីហនុជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការមេរៀបចំដែនដីចក្ខុវិស័យឆ្នាំ២០៣០។ ការអភិវឌ្ឍខេត្កព្រះសីហនុនឹងធ្វើឡើងប្រកបដោយចីរភាព តាមរយៈការប្រែក្លាយទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបច្ចេកទេសទំនើប ដែលមានសុខដុមនីយកម្មជាមួយបរិស្ថានរស់នៅល្អប្រសើរ។

លោកអភិបាលរងខេត្តបានបន្តថា ខេត្តព្រះសីហនុជាខេត្តមាត់ច្រក មានទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ខេត្តមានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់វែងជាងគេក្នុងទូទាំងប្រទេសដែលមានប្រវែង ៣.៣០០ម៉ែត្រ មានកំពង់ផែសមុទ្រអន្តរជាតិ មានផ្លូវដែក និងជាពិសេសមានផ្លូវល្បឿន លឿនតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ការវិនិយោគរបស់ក្រុមហ៊ុន AEON MALL Cambodia LOGIPLUS Co,LDT សាងសង់ឃ្លាំងស្តុបទំនិញលើផ្ទៃដី ៣ហិកតា ជាភណ្ឌាគារគយ (Custom Bounded Warehouse) ក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ បានបង្ហាញពីការតភ្ជាប់នៃការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងជំនឿជាក់របស់លើសុខសន្តិភាព និងស្ថិរភាពរបស់ប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ លោកប្រធានគណៈប្រតិភូបានថ្លែងអំណរគុណលោកអភិបាលរងខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួប និងបានស្វែងយល់កាន់តែច្បាស់ពីដំណើរការអភិវឌ្ឍខេត្ត ជាពិសេសលើវិស័យឧស្សាហកម្ម និងទេសចរណ៍ ក្រោយពីការប៉ះពាល់ដោយសារជំងឺកូវីដ-១៩កន្លងទៅ៕
ដោយ ងូ សុមុនី





