សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វត្តមានរបស់សម្ដេចនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មិនមកចេញបញ្ជាជំនួសឱ្យនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា វត្តមានរបស់សម្ដេចនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មិនមកចេញបញ្ជាជំនួសឱ្យនាយករដ្ឋមន្ត្រី ឬ រដ្ឋមន្ត្រីក្រសួង ការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយ តែជាការមកសួរសុខទុកលើកទឹកចិត្តនិងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារជាតិការពារទឹកដី។

នៅលើបណ្ដាញទំនាក់ទំនងសង្គមនារសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា៖ «ខ្ញុំកំពុងមកសួរសុខទុក្ខកងទ័ពមន្ត្រីរាជការ និងប្រជាជនភៀសសឹក នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ វត្តមានរបស់ខ្ញុំមិនមកចេញបញ្ជាជំនួសឱ្យនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយ តែជាការមកសួរសុខទុកលើកទឹកចិត្ត និងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារជាតិការទឹកដី»។ សម្ដេចតេជោបានលើកឡើងថា បងប្អូនមេបញ្ជាការកងទ័ពបានហៅខ្ញុំថា (អគ្គភស្តុភារជាន់ខ្ពស់)។ ខ្ញុំពេញចិត្តនិងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារបន្ថែមលើភស្តុភារដែលរាជរដ្ឋាភិបាលផ្តល់ជូន។ មុខនាទីនេះមិនតម្រូវឱ្យមានការតែងតាំងនោះទេ ព្រោះជាពាក្យនិយាយលេង។ សម្ដេចតេជោបានថ្លែងទៀតថា សារព័ត៌មានថៃមួយបានចុះផ្សាយ ថាខ្ញុំដកអគ្គបញ្ជាការកងទ័ពនិងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ពដើម្បីត្រៀមវាយថៃ។

សម្ដេចតេជោបានបន្ថែមថា៖ «ខ្ញុំសូមផ្តាំទៅវិញថាបើឆ្កួតសូមឆ្កួតតែពួកអ្នកឯងចុះ។ ខ្ញុំជាមនុស្សទី២បន្ទាប់ពីព្រះមហាក្សត្រ តើមានការចាំបាច់ទេ ដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះ ដែលសូម្បីតែតួនាទីជានាយករដ្ឋមន្ត្រីក៏ខ្ញុំមិនបន្តធ្វើដែរនោះ។ ឈប់បានឈប់ទៅនិងសូមកុំចូលមកឈ្លានពានFacebook ខ្ញុំទៀត»៕

ដោយ៖ ជឹម ណារី





