ប្រធានក្រុមប្រឹក្សាស្រុកស្ទោងស្វាគមន៍យ៉ាងកក់ក្តៅនូវការលើកឡើងអំពីទុក្ខកង្វល់ និងបញ្ហារបស់ប្រជាពលរដ្ឋ
AKP កំពង់ធំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ -- លោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានស្វាគមន៍យ៉ាងកក់ក្តៅនូវការលើកឡើងអំពីទុក្ខកង្វល់ តម្រូវការ សំណូមពរ និងបញ្ហានានា របស់ប្រជាពលរដ្ឋ ក្នុងឱកាសដែលលោក និងសមាជិកសមាជិកា ព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី អញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកស្ទោងអាណត្តិទី ៤នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

លោក ឡាយ ស៊ីលី បានបញ្ជាក់ថា វេទិកានេះពិតជាមានសារៈសំខាន់ណាស់ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានឱកាសអាចលើកអំពីបញ្ហា ឬទុកកង្វល់របស់ខ្លួន សំណូមពរជូនដល់សមាជិកសមាជិកាក្រុមប្រឹក្សាស្រុកក៏ដូចជាអាជ្ញាធរស្រុកបានដឹង បានឮ និងបានជួយដោះស្រាយទាន់ពេលវេលា ជាពិសេសត្រូវមានភាពក្លាហានហើយមិនត្រូវមានការភិតភ័យពីការគំរាមកំហែងពីបុគ្គលណាម្នាក់ឬស្ថាប័នណាមួយនោះឡើយ។

ជាមួយគ្នានេះដែរ លោក សាយ គឹមឡម បានណែនាំដល់លោកមេឃុំ និងក្រុមប្រឹក្សាឃុំបន្ទាយស្ទោង ត្រូវតម្កល់ផលប្រយោជន៍រាស្ត្រជាធំ ហើយត្រូវបម្រើសេវាជូនពររដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ជាពិសេសត្រូវរួបរួមសហការសាមគ្គីគ្នា និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីធានានូវគុណភាពប្រសិទ្ធភាពការងារជាពិសេសផ្ដល់សេវាជូនពលរដ្ឋបានយ៉ាងឆាប់រហ័សតម្លាភាពទាន់ពេលវេលា។ ក្នុងបរិបទដែលក្រុមវាស់វែងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធកំពុងតែអនុវត្តវាស់វែងនៅក្នុងឃុំបន្ទាយស្ទោង អាជ្ញាធរឃុំក៏ដូចជាជំនាញពាក់ព័ន្ធ ជាពិសេសលោកមេភូមិ អនុភូមិ ជំនួយការភូមិនិងប្រជាពលរដ្ឋត្រូវស្ថិតនៅក្នុងមូលដ្ឋានឬនៅក្នុងទីតាំងដែលក្រុមការងារចុះវាស់វែងទៅដល់ដើម្បីពន្លឿននិងចុះបញ្ជីបានទាន់ពេលវេលា ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលនឹងបញ្ចប់កិច្ចការនេះឱ្យបាននៅដំណាច់ឆ្នាំ២០២៥នេះ ដែលជាគោលនយោបាយយកចិត្តទុកដាក់ខ្ពស់បំផុតលើសុខទុក្ខសុខុមាលភាពជាពិសេសជីវភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


ដោយ ស៊ុម វណ្ណា





