បើកសិក្ខាសាលាស្តីពីការលើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាពឱ្យចូលបម្រើការងារតាមសហគ្រាស គ្រឹះស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ -- ទីភ្នាក់ងារជាតិមុខរបរ និងការងារ( NEA) និងអង្គការ UNICEF បានសហការគ្នារៀបចំសិក្ខាសាលា ស្តីការលើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាពឱ្យចូលធ្វើការនៅរោងចក្រ សហគ្រាស គ្រឹះស្ថានដែលមានការចូលរួមពីតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាងក្រុមហ៊ុនសហគ្រាសគ្រឹះស្ថានឯកជនប្រមាណ៤០។

ថ្លែងក្នុងសិក្ខាសាលានៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំម២០២៥ លោកស្រី ហង្ស សិរីវល័ក្ខណ៍ អនុប្រធាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានលើកឡើងថាសិក្ខាសាលានេះគឺដើម្បីពិនិត្យមើលបន្ថែមទៅលើការបំពេញកតព្វកិច្ចរបស់ក្រុមហ៊ុន សហគ្រាសក្នុងការបំពេញកតព្វកិច្ចផ្តល់ឱកាសការងារដល់ជនមានពិការភាព និងដើម្បីអនុវត្តច្បាប់ស្តីពីកិច្ចការលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ ១៨៨ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ ស្តីពីកំណត់អត្រា និងបែបបទ នៃការជ្រើសរើសជនពិការឲ្យចូលបម្រើការងារ ពិសេសគឺទាក់ទងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពិការភាព, បញ្ហាប្រឈមដែលជនពិការបានជួបប្រទះ។

លោកស្រីបញ្ជាក់បន្តថាដោយឡែកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាអង្គភាពរដ្ឋមួយ ដែលត្រូវទទួលខុសត្រូវផ្ដល់សេវាការងារ និង ព័ត៌មាន ទីផ្សារការងារប្រកបដោយគុណភាព ដល់អ្នកស្វែងរកការងារធ្វើ និយោជក អ្នកផ្តល់ការបណ្ដុះបណ្តាល និងសាធារណៈជនទូទៅ។ ចំពោះជនងាយរងគ្រោះ និងជនមានពិការភាព NEA តែងតែផ្តល់សេវាអំពីឱកាសទីផ្សារការងារ និងការ ចូលរួមព្រឹត្តិការណ៍ផ្សេងៗទៀតរបស់យើងដែរ៕




ដោយ៖ ប៊ុនរិទ្ធ





