ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥
AKP កំពង់ស្ពឺ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥-- ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងអភិបាលក្រុង ស្រុកទាំង៩ សរុបប្រមាណជា៩៨រូប។

ឯកឧត្តម ប៊ិន ត្រឈៃ បានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងពិនិត្យទៅលើសេចក្ដីព្រាងឯកសារការងារ និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបសំណើសំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗទៀតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវ។

បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ប៊ិន ត្រឈៃ បានសង្កត់ធ្ងន់ថា ដើម្បីផ្ដល់ក្តីសង្ឃឹម និងជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើរដ្ឋបាលខេត្ត មន្ត្រីនៃរដ្ឋបាលខេត្តត្រូវពង្រឹងសមត្ថភាព ពឹងផ្អែកទៅលើការបណ្ដុះបណ្ដាល នឹងត្រូវសិក្សាស្រាវជ្រាវឱ្យបានច្រើន បន្ថែមទៀត ពោលគឺត្រូវបន្តរៀនបន្ថែមទៀត តាមរយៈវគ្គបណ្ដុះបណ្ដាល ដើម្បីយកសមត្ថភាពពិតទៅបម្រើការងារ ទៅបម្រើប្រជាពលរដ្ឋ និយាយជារួម គឺការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព គុណភាព តម្លាភាព មិនប្រកាន់ និងរើសអើង សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនេះ ដើម្បីឱ្យការដឹកនាំការផ្តល់សេវារដ្ឋបាលសាធារណៈប្រព្រឹត្តទៅដោយរលូន និងទទួលបានការជឿទុកចិត្ត ក៏ទាមទារឱ្យថ្នាក់ដឹកនាំទាំងអស់ ទាំងក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ការិយាល័យគ្រប់ផ្នែក និងរដ្ឋបាលក្រុងស្រុករហូតដល់ឃុំសង្កាត់ត្រូវតែរួមគិត រួមធ្វើ និងធ្វើឱ្យកាន់តែសកម្មថែមទៀត។
ឯកឧត្តមបានជំរុញឱ្យរដ្ឋបាលខេត្តត្រូវសហការគ្នាឱ្យបានជិតស្និទ្ធជាមួយ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងអង្គភាពជំនាញ ដើម្បីគាំទ្រអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ត្រូវជំរុញលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ ដោះស្រាយសំណើ សំណូមពរ ឆ្លើយតប ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗប្រកប ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕
ដោយ លឹម សាន្ត





