សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលតួនាទីជាអគ្គភស្តុភាជាន់ខ្ពស់ ដើម្បីដឹកនាំ និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរជើងជួរមុខ តាមតំបន់ព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសទទួលតួនាទីជាអគ្គភស្តុភាជាន់ខ្ពស់ ដើម្បីដឹកនាំនិងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរជើងជួរមុខតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមឯកឧត្ដម ជា ធីរឹទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មាន ក្រោយពីសម្តេចបានអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះដែរ សម្តេចបានចេញបញ្ជាឱ្យកងកម្លាំងទាំងអស់ ត្រៀមជានិច្ច និងកុំខ្លាចសត្រូវដែលឈ្លានពានមកលើបូរណភាពទឹកដី។

គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ ស្ថិតក្នុងខេត្តឧត្ដរមានជ័យ។ ដំណើររបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ចុះមកជួបកងទ័ពនាព្រឹកថ្ងៃនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចលើសុខទុក្ខរបស់កងទ័ព ហើយក៏ជាការពង្រឹងទឹកចិត្តកងទ័ពឱ្យកាន់តែអង់អាចក្លាហានលើកិច្ចការពារបូរណភាពទឹកដី៕

ដោយ៖ ជឹម ណារី





