បងប្អូនខ្មែរជាង១០០នាក់ដែលជាប់គាំងនៅច្រកទ្វារប៉ោយប៉ែត ពេលនេះបានវិលចូលស្រុកវិញហើយ
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥--បងប្អូនប្រជាពលរដ្ឋខ្មែរជាង១០០នាក់ ដែលបានធ្វើដំណើរត្រឡប់មកពីប្រទេសថៃវិញ ត្រូវជាប់គាំងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ពេលនេះត្រូវបានអនុញ្ញាតឱ្យឆ្លងដែនចូលមកកាន់ទឹកដីខ្មែរវិញបានហើយ បន្ទាប់ពីមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ រវាងមន្ត្រីច្រកទ្វារនៃប្រទេសទាំងពីរ។

ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅពេលដែលបងប្អូនពលករខ្មែរមួយក្រុមធំ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ត្រូវបានទាហានថៃមិនអនុញ្ញាតឱ្យឆ្លងកាត់ច្រកទ្វារឡើយ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។ ការជាប់គាំងនេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់បងប្អូនពលករ ក៏ដូចជាអាជ្ញាធរខ្មែរនៅតាមបណ្តោយព្រំដែន។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រុមមន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភាគីកម្ពុជា បានធ្វើការទាក់ទង និងសម្របសម្រួលជាមួយសមភាគីថៃ ដើម្បីស្វែងរកដំណោះស្រាយ។ ក្រោយពីកិច្ចចរចា និងការខិតខំប្រឹងប្រែងសម្របសម្រួលអស់ជាច្រើនម៉ោង ភាគីថៃក៏បានយល់ព្រមបើកច្រកទ្វារឡើងវិញ និងអនុញ្ញាតឱ្យបងប្អូនពលករខ្មែរទាំងអស់អាចធ្វើដំណើរឆ្លងកាត់ចូលមកកាន់ប្រទេសកម្ពុជាវិញបានដោយសុវត្ថិភាពនៅយប់ថ្ងៃដដែលនោះ។

ការដោះស្រាយបញ្ហានេះបានទាន់ពេលវេលា បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរព្រំដែននៃប្រទេសទាំងពីរ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសពលករដែលតែងតែចេញចូលតាមច្រកទ្វារនេះ។ បងប្អូនពលករដែលបានជាប់គាំង បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងបន្ទាប់ពីបានឆ្លងផុតឧបសគ្គ និងបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។

ទាក់ទងនឹងស្ថានការណ៍ទូទៅនៅច្រកព្រំដែន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ពលរដ្ឋខ្មែរជាង ១០០នាក់ទៀត រួមមានទាំងកុមារ ចាស់ជរា បុរស និងស្ត្រី បានវិលត្រឡប់ពីតំបន់ផ្សេងៗនៅប្រទេសថៃមកកាន់ស្រុកកំណើតរបស់ខ្លួនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ពលរដ្ឋខ្មែរមួយចំនួនបានធ្វើដំណើរមកដល់ច្រកទ្វារខ្លងលឹក តាំងពីព្រឹកព្រលឹម ប៉ុន្តែត្រូវបានទាហានថៃមិនអនុញ្ញាតឱ្យឆ្លងចូលមកដីខ្មែរឡើយ។ ទម្រាំដល់ម៉ោងជាង ៧យប់ ទើបទាហានថៃបានយល់ព្រមបើកច្រកអនុញ្ញាតឱ្យពលរដ្ឋអាចឆ្លងកាត់បាន។
គួររំលឹកផងដែរថា កាលពីថ្ងៃកាលពីល្ងាចថ្ងៃទី២៤ ខែមិថុនានេះ ពលរដ្ឋខ្មែរជាង៦ពាន់នាក់ ក៏បានឆ្លងដែនមកកម្ពុជាវិញដែរ ក្រោយមានការសម្របសម្រួលគ្នារវាងភាគីកម្ពុជា-ថៃ ក្នុងការបើកច្រកក្នុងរយៈពេល៣ម៉ោង។ ដោយសារតែរយៈពេលមានកំណត់ ទើបនៅមានពលរដ្ឋមួយចំនួនទៀតមិនទាន់បានឆ្លងមកទាន់ពេល ក៏បន្តមកនៅថ្ងៃបន្ទាប់។
សម្រាប់ភាគីកម្ពុជាវិញឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ថា «បងប្អូនយើងមកប៉ុន្មាន គឺទទួលទាំងអស់ ហើយជួយដឹកជញ្ជូនទៅផ្ទះទៀត»។ សម្តីបញ្ជាក់នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរកម្ពុជាក្នុងការទទួលស្វាគមន៍ និងជួយសម្រួលដល់ការវិលត្រឡប់របស់ពលរដ្ឋខ្មែរមកកាន់មាតុភូមិវិញ៕
ដោយ ឈុន សារ៉ាត





