វេទិកាសាធារណៈគាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
AKP កំពង់ឆ្នាំង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធិបើកវេទិកាសាធារណៈនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អភិបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ មន្ត្រីសាលាស្រុក ក្រុមលេខាធិកាដ្ឋាន និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង បានពាំនាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករឭកជាទីរាប់អាន និងពរសព្ទសាធុការពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ជូនដល់លោក លោកស្រី និងនាងកញ្ញា ដែលបានអញ្ជើញចូលរួមផងដែរ។

ទន្ទឹមនឺងនេះ ឯកឧត្ដមបានបន្តថា អង្គវេទិកាលើកនេះបានផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈដើម្បីឆ្លើយតបនូវសំណើសំណូមពរនានារបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការពិភាក្សាស្រាយបំភ្លឺអំពីបញ្ហានានាជាក្តីកង្វល់ និងតម្រូវការជាអាទិភាពជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន រកដំណោះស្រាយឱ្យបានសមស្រប ឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋានជូនបងប្អូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង បានមានប្រសាសន៍ទៀតថា ការធ្វើវេទិការសាធារណៈនេះក្នុងគោលបំណងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណនិតិកាលទី៧ ដំនាក់កាលទី១ នៃរដ្ឋសភា ដែលតម្រូវឱ្យមានការកែលម្អប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់រដ្ឋបាលនានាសំដៅបង្កើនប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿននិងមានតម្លាភាព។ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិសង្គមស៊ីវិលសាធារណជន ដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុចរិតភាពសុភវិនិច្ឆ័យ និងយុត្តិធម៌ក្នុងសង្គម ឱ្យកាន់តែល្អប្រសើរឡើងនិងកាត់បន្ថយភាពក្រីក្រឱ្យប្រកបដោយប្រសិទ្ធភាព៕

ដោយ បៃ ស៊ីថុន





