ទីភ្នាក់ងារ KOICA ប្រគល់អេក្រង់ LED ថ្មី បំពាក់ក្នុងបន្ទប់បញ្ចាំងវីដេអូ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥-- នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់ ទទួលអេក្រង់អិលអីឌីថ្មី សម្រាប់បំពាក់ក្នុងបន្ទប់បញ្ចាំងវីដេអូ ក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក Sardar Umar Alam តំណាងការិយាល័យអង្គការយូណេស្កូភ្នំពេញ និងលោកស្រី Lee Sejin នាយិការរងទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា។

ពិធីខាងលើគឺជាសមិទ្ធផលមួយនៃគម្រោងអភិរក្ស និងថតចម្លងបណ្ណសារ សារមន្ទីរទួលស្លែងដំណាក់កាលទី២ ដែលអនុវត្តដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអង្គការយូណេស្កូ ក្រោមការឧបត្ថម្ភគាំទ្រថវិកាដោយទីភ្នាក់ងារ KOICA។ ចាប់ពីដើមឆ្នាំ២០២៥ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបានសហការជាមួយអង្គការយូណេស្កូ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍បច្ចេកទេសសោតទស្សន៍ ក្នុងបន្ទប់បញ្ចាំងវីដេអូ ដែលត្រូវបានកែលម្អពង្រីក និងអាចទទួលអ្នកទស្សនាបានច្រើនជាងមុន។

សូមបញ្ជាក់ថា បន្ទប់វីដេអូខាងលើបញ្ចាំងភាពយន្តឯកសារខ្លីស្ដីពីប្រវត្តិមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជូនភ្ញៀវទស្សនាជារៀងរាល់ថ្ងៃដោយឥតគិតថ្លៃ៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





